បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្វើការចុះចតជាបន្ទាន់នៅក្នុងទីក្រុង Krasnoyarsk ភាគកណ្តាលនៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍។
ជើងហោះហើរ AI183 ដែលកំពុងធ្វើដំណើរពីទីក្រុង New Delhi ទៅកាន់ទីក្រុង San Francisco ត្រូវផ្លាស់ប្តូរផ្លូវ ដោយសារមានភ្លើងឆេះនៅលើយន្តហោះ។
នៅម៉ោងប្រហែល ៦និង៣០នាទី (ម៉ោងនៅទីក្រុងម៉ូស្គូ) ក្រុមនាវិកបានរាយការណ៍ ទៅកាន់ការគ្រប់គ្រងការហោះហើរថា សំឡេងរោទិ៍ភ្លើងត្រូវបានបង្កឡើង នៅក្នុងកន្លែងផ្ទុកទំនិញ ហើយបានស្នើសុំចុះចតជាបន្ទាន់។
នៅពេលនោះ យន្តហោះកំពុងហោះហើរលើតំបន់ស៊ីបេរី ក្នុងរយៈកម្ពស់ប្រហែល ១១០០០ម៉ែត្រ។ វាត្រូវបានបង្វែរនិងចុះចតដោយសុវត្ថិភាពនៅ Krasnoyarsk ។
ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ី (Rosaviatsia) បានរាយការណ៍ជាបន្តបន្ទាប់ថា គ្មានភ្លើង ឬផ្សែងត្រូវបានរកឃើញនៅលើ យន្តហោះនោះទេហើយអ្នកឯកទេសរុស្ស៊ី ក៏បានរកឃើញថាមិនមានការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីការត្រួតពិនិត្យបឋម នៃយន្តហោះនោះដែរ៕
ប្រែសម្រួល៖ ស៊ុន លី