បរទេស៖ តារាចម្រៀង Celine Dion ថ្មីៗនេះបានបញ្ចេញវីដេអូ ដ៏សោកសៅដោយសារជំងឺ ដែលមិនអាចគ្រប់គ្រងបាន ខណៈនាងប្រយុទ្ធនឹងជំងឺ Stiff Person Syndrome (SPS) ឬជំងឺរឹងសាច់ដុំ។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ថា ខ្សែវីដេអូដែលជាផ្នែកមួយ នៃភាពយន្តឯកសារ Prime Video មានចំណងជើងថា “I Am: Celine Dion” បង្ហាញពីតារាចម្រៀង កំពុងជួបប្រទះការឈឺ ចាប់យ៉ាងខ្លាំង និងប្រកាច់រយៈពេល ១០ នាទីដ៏គួរឱ្យភ័យខ្លាច ។ ការប្រកាច់ពេញរាងកាយធ្វើឱ្យតារាចម្រៀងវ័យ៥៦ឆ្នាំ កម្រើកលែងបានអស់ រយៈពេលជាច្រើននាទី ។
នៅក្នុងវីដេអូនោះ គេឃើញលោកស្រី Celine Dion កំពុងសម្រាកព្យាបាល កាយសម្បទាភ្លាមៗ បន្ទាប់ពីទស្សនិកជន បានឃើញនាងថតបទចម្រៀងថ្មី។ ស្ត្រីវ័យ៥៦ឆ្នាំរូបនេះត្រូវបានគេឃើញដេកលើតុម៉ាស្សាខណៈរាងកាយរបស់នាងបន្តស្ពឹកដោយមិនអាចគ្រប់គ្រងបាន ។ ខណៈពេលដែលតារាចម្រៀង ស្រែកថ្ងូរ និងយំ ដោយការឈឺចាប់ ក្រុមគ្រូពេទ្យ បានមកជួយនាង ដោយលួងចិត្តនាង ដោយការអង្អែល ខ្នងរបស់នាង និងចាក់ថ្នាំបាញ់ច្រមុះ ដែលត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយការប្រកាច់ និងរោគសញ្ញាដែលពាក់ព័ន្ធ។
ផ្នែកមួយនៃជំងឺនេះគឺថា នៅពេលដែលអ្នកចូលទៅក្នុងការកន្ត្រាក់ប្រកាច់ ជួនកាល… វាបញ្ចេញជាសញ្ញា, មិនយល់ ដូច្នេះវាបញ្ចប់ដោយគ្រាន់តែស្ថិតក្នុងស្ថានភាពរឹង ឬ រួញសាច់ដុំ, នេះបើតាមអ្នកព្យាបាលរោគកីឡា Terrill Lobo ពន្យល់។
តារាចម្រៀងដែលឈ្នះពានរង្វាន់ Grammy រូបនេះ ចង់ថតវីដេអូនេះទុក ក្នុងភាពយន្តឯកសារ ដើម្បីបង្ហាញអ្នកទស្សនា ពីការពិត នៃការប្រយុទ្ធរបស់នាងជាមួយនឹងជំងឺ Stiff Person Syndrome និងបង្កើនការយល់ដឹងអំពីជំងឺនេះ ។ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យជំងឺ SPS មក Celine Dion បានបើកចំហជាមួយអ្នកគាំទ្រ អំពីរបៀបដែលស្ថានភាពនេះ បានប៉ះពាល់ដល់ជីវិត និងអាជីពរបស់នាង ៕
ប្រែសម្រួលៈ ណៃ តុលា