ព័ត៌មានអន្តរជាតិ

អង់គ្លេស ស្វែងរកការដោះស្រាយ ការធ្វើចំណាក ស្រុកខុសច្បាប់ ជាមួយដៃគូអឺរ៉ុប

AFP

ឡុងដ៍៖ ចក្រភពអង់គ្លេស សង្ឃឹមថា ទំនាក់ទំនងដែលប្រសើរឡើង ជាមួយដៃគូអឺរ៉ុប នឹងជួយឱ្យប្រទេសនេះ កាន់តែមានប្រសិទ្ធភាព ក្នុងការដោះស្រាយការ ធ្វើចំណាកស្រុកខុសច្បាប់ ខណៈដែលប្រទេសនេះ ធ្វើជាម្ចាស់ផ្ទះនៃមេដឹកនាំអឺរ៉ុប ប្រមាណ ៥០រូប សម្រាប់កិច្ចប្រជុំលើកទី៤ នៃសហគមន៍នយោបាយអឺរ៉ុប (EPC) នៅ​ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំកំពូល នៅវិមាន Blenheim ក្នុងទីក្រុង Oxfordshire នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាការធ្វើចំណាកស្រុកខុសច្បាប់ និងសន្តិសុខជាតិតម្រូវឱ្យមាន “ភាពចាស់ទុំ និងភាពជាអ្នកដឹកនាំ”។

លោក Starmer បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលរបស់លោក ចំពោះដំណោះស្រាយជាក់ស្តែង ដែលស្របតាមច្បាប់អន្តរជាតិ ផ្ទុយពីវិធីសាស្រ្ត អភិរក្សពីមុនដូចជា “គម្រោង Rwanda” ដែលត្រូវបានបញ្ឈប់ នៅពេលលោកចូលកាន់តំណែង។

លោក Starmer ដែលបានដឹកនាំគណបក្សការងារ ទទួលបានជ័យជម្នះ ភ្លូកទឹកភ្លូកដី នៅក្នុងការ បោះឆ្នោតសកល នាពេលថ្មីៗនេះ បានព្រមានថា “មិនមានភាពងាយស្រួលនោះទេ” ក្នុងការដោះស្រាយការធ្វើចំណាកស្រុកខុសច្បាប់។  រដ្ឋាភិបាលរបស់លោក បានបង្ហាញពីក្តីសង្ឃឹម សម្រាប់ការកំណត់ឡើងវិញ នៅក្នុងទំនាក់ទំនងជាមួយដៃគូអឺរ៉ុប ដែលមានភាពតានតឹង ដោយសារតែការបោះឆ្នោត ចាកចេញពីប្លុក Brexit ។

លោក Starmer បានលើកឡើងថា “យើងនឹងធ្វើការជាមួយដៃគូអ៊ឺរ៉ុបរបស់យើង ដើម្បីចែករំលែកព័ត៌មានសម្ងាត់ ទិន្នន័យ ជំនាញ ដោយបន្ថែមថា ដើម្បីបញ្ឈប់ការធ្វើចំណាកស្រុកខុសច្បាប់ យើងក៏ត្រូវតែដោះស្រាយពីប្រភពរបស់វាផងដែរ”។

នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការបរទេស អង់គ្លេសលោក David Lammy បានឲ្យដឹងថា “ចក្រភពអង់គ្លេសគ្មានបំណង ក្នុងការចរចាឡើងវិញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយអឺរ៉ុបនោះទេ ហើយបានរំលឹកឡើងវិញថា ប្រទេសនេះនឹងមិនចូល ទៅក្នុងទីផ្សារតែមួយ របស់សហភាពអឺរ៉ុប ឬសហភាពគយនោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top