ព័ត៌មានអន្តរជាតិ

ក្រុមHouthi វាយប្រហារ ដោយដ្រូនក្បែរ ទូតអាមេរិកក្នុងទីក្រុង Tel Aviv ស្លាប់ម្នាក់របួស១០នាក់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មនុស្ស​ម្នាក់​ ត្រូវ​បាន​សម្លាប់​​បន្ទាប់ ​ពី​ការ​វាយ​ប្រហារ​ ដោយ​យន្តហោះ​គ្មាន​មនុស្ស ​បើកមួយទៅ​លើ​ក្រុង Tel Aviv កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ។

ហេតុការណ៍វាយប្រហារនេះ បានកើតឡើងនៅ ជិត​ស្ថានទូត​អាមេរិក ​ក្នុង​ទីក្រុង​អ៊ីស្រាអែលហើយមន្ត្រី សង្គ្រោះបន្ទាន់ក្នុងតំបន់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស១០នាក់ផ្សេងទៀតត្រូវបានបញ្ជូនព្យាបាលរបួស។

ទីក្រុងមកដល់ពេលនេះ កំពុងដាក់ឲ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ហើយពលរដ្ឋត្រូវ បានតម្រូវឱ្យធ្វើតាមការណែនាំជាបន្ទាន់ អភិបាលក្រុង Tel Aviv លោក Ron Huldai បានសរសេរនៅក្នុង សារមួយនៅលើ X ​ថា​៖ ​សង្គ្រាម​នៅ​តែ​មាន​នៅ​ទី​នេះ ហើយ​វា​ពិបាក នឹងទទួលយកណាស់។

ក្រុមឧទ្ទាម Houthi របស់យេមែន បានប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារនេះហើយ អ្នកនាំពាក្យរបស់ក្រុមលោក Yahya Saree បាននិយាយថា ប្រតិបត្តិការយោធាដ៏សំខាន់ ត្រូវបានធ្វើឡើងជាមួយ នឹងយន្តហោះគ្មានមនុស្ស បើកថ្មី ដែលមានសមត្ថភាព ឆ្លងកាត់ប្រព័ន្ធស្ទាក់ ចាប់របស់សត្រូវ៕

ប្រែសម្រួល៖ស៊ុនលី

To Top