ព័ត៌មានអន្តរជាតិ

Update៖ លោក ដូណាល់ ត្រាំ ថ្លែងថា គោលបំណងនៃការជួបសន្ទនាជាមួយលោកប្រធានធិបតីអ៊ុយក្រែន ចង់ឲ្យ “សង្គ្រាមត្រូវបានបញ្ចប់”

វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានថ្លែងយ៉ាងដូច្នេះថា លោកបានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ុយក្រែន គឺលោក Volodymyr Zelenskyy ហើយបានសន្យាថា នឹងបញ្ចប់សង្គ្រាមរបស់ប្រទេសអឺរ៉ុបជាមួយនឹងប្រទេស រុស្ស៊ី ។

លោក ត្រាំ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំសូមកោតសរសើរចំពោះប្រធានាធិបតី Zelenskyy
ចំពោះការឈោងចាប់ឳកាសនេះ ព្រោះខ្ញុំក្នុងនាមជាប្រធានាធិបតីបន្ទាប់របស់ពលរដ្ឋអាមេរិកាំង នឹងនាំមកនូវសន្តិភាពដល់ពិភពលោក និងបញ្ចប់សង្រ្គាមដែលបានសម្លាប់ជីវិតអស់ជាច្រើននាក់ និងបំផ្លិចបំផ្លាញគ្រួសារស្លូតត្រង់រាប់មិនអស់នោះទេ” ។

លោកបញ្ជាក់ថា “ភាគីទាំង២នឹងអាចរួមគ្នា និងចរចារកិច្ចព្រមព្រៀងបញ្ចប់អំពើហិង្សា និងត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពរុងរឿង” ។

គេបានដឹងថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធារាប់សិបពាន់លានដុល្លារសម្រាប់ក្រុង គៀវ គិតចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួន មកលើប្រទេសអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដរាបណាការទទួលជ័យជម្នះរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតសម្រាប់ខែវិច្ឆិកាខាងមុខនឹងធ្វើឱ្យការគាំទ្របន្តរបស់ក្រុងវ៉ាស៊ីនតោន នៅតែរក្សាដដែលនោះ នៅតែជាចម្ងល់នៅឡើយទេ ។

ចំណែក លោក Zelenskyy វិញក៏បានបញ្ជាក់ពីការអំពាវនាវនេះ នៅក្នុងអំឡុងពេលដែលលោកបានអបអរសាទរលោក ត្រាំ ក្នុងការក្លាយជាបេក្ខភាពប្រធានាធិបតីជាផ្លូវការនៃគណបក្សសាធារណៈរដ្ឋ ក៏ដូចជាជូនពរដល់លោកដែលវ័យ ៧៨ឆ្នាំ រូបនេះឱ្យមានសុខភាពល្អ ក្រោយពីមានការប៉ុនប៉ងក្នុងការឆក់យកជីវិតរបស់គាត់ ដោយការបាញ់ប្រហារមួយកាលពីសប្តាហ៍មុន។

លោក Zelenskyy បានថ្លែងនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ថា “យើងបានយល់ព្រមជាមួយប្រធានាធិបតី ត្រាំ ដើម្បីពិភាក្សានៅឯកិច្ចប្រជុំផ្ទាល់ខ្លួនអំពីជំហានណាមួយ ដែលអាចធ្វើឱ្យសន្តិភាព មានភាពយុត្តិធម៌ និងយូរអង្វែង” ។

លោកបានថ្លែងថា “ខ្ញុំបានកត់សម្គាល់ការគាំទ្រទ្វេភាគី និងទ្វេភាគីដ៏សំខាន់របស់សហរដ្ឋអាមេរិកសម្រាប់ការការពារសេរីភាព និងឯករាជ្យភាពរបស់ប្រទេសជាតិយើង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top