ព័ត៌មានអន្តរជាតិ

លោក ត្រាំ អះអាងថា លោកមានគម្រោង “ចុះសម្រុង” ជាមួយមេដឹកនាំកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកគ្រោងនឹង “ចុះសម្រុង” ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើលោកត្រឡប់ទៅសេតវិមានវិញ បន្ទាប់ពីឈ្នះការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា។

នៅក្នុងសុន្ទរកថារបស់លោកនៅឯមហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅទីក្រុង Milwaukee
ជាកន្លែងដែលលោកបានទទួលយក ការតែងតាំងជាផ្លូវការនោះ អតីតប្រធានាធិបតីវ័យ ៧៨ឆ្នាំរូបនេះបានគំរាមដំឡើងពន្ធលើការនាំចូលរួមទាំងទំនិញពីប្រទេសចិន ហើយបានសន្យាថា នឹងនាំយកការងារផលិតរថយន្ត និងផលិតកម្មផ្សេងទៀតត្រឡប់មកសហរដ្ឋអាមេរិកវិញ។

លោក ត្រាំ ក៏បានប្តេជ្ញាបញ្ចប់រាល់វិបត្តិអន្តរជាតិដែលលោកបានចោទប្រកាន់រដ្ឋបាលបច្ចុប្បន្នថាបានបង្កើតវាឡើងរួមទាំងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់។

លោកបានលើកឡើងថា “ឥឡូវនេះសង្រ្គាមកំពុងឆាបឆេះនៅអឺរ៉ុប និងមជ្ឈិមបូព៌ា។ ទិដ្ឋភាពនៃជម្លោះដែលកំពុងកើនឡើងនៅលើកោះតៃវ៉ាន់ កូរ៉េ ហ្វីលីពីន និងអាស៊ីទាំងអស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ពាក់ព័ន្ធនឹងបញ្ហាប្រទេសកូរ៉េខាងជើង លោក ត្រាំ បានអះអាងថា នៅពេលលោកកាន់តំណែងពីមុន លោក “ចុះសម្រុងគ្នា” ជាមួយលោក គីម ជុងអ៊ុន ហើយរដ្ឋបាលរបស់លោក បានគ្រប់គ្រងការបញ្ឈប់ការបាញ់មីស៊ីលរបស់ប្រទេសនេះ។

លោក ត្រាំ បានចូលរួមក្នុងកិច្ចប្រជុំកំពូលការទូតដែលមិនធ្លាប់មានពីមុនមកជាមួយលោក គីម ជុងអ៊ុន ដោយបានជួបផ្ទាល់ចំនួន ៣លើកក្នុងការប៉ុនប៉ង ដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបោះបង់ចោលការស្វែងរកអាវុធនុយក្លេអ៊ែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top