ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានអំពាវនាវឱ្យប្រទេសពាក់ព័ន្ធ ទប់ទល់នឹងការបង្ខិតបង្ខំសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក នៅក្នុងវិស័យ semiconductor នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងបានធ្វើការកត់សម្គាល់បន្ទាប់ពីមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា សហរដ្ឋអាមេរិក កំពុងពិចារណាលើវិធានការតឹងរឹងជាងមុន ដើម្បីដាក់សម្ពាធលើសហគ្រាសមកពីប្រទេសដូចជាជប៉ុន និងហូឡង់ ដើម្បីរឹតបន្តឹងពាណិជ្ជកម្មបន្ទះឈីប របស់ពួកគេជាមួយប្រទេសចិន ក្នុងកម្រិតកាន់តែខ្លាំង។
ក្រសួងបានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថាប្រទេសពាក់ព័ន្ធនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ទីផ្សារ និងស្មារតីនៃកិច្ចសន្យារបស់ពួកគេ ទប់ទល់នឹងការបង្ខិតបង្ខំសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងធ្វើការរួមគ្នា ដើម្បីការពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ពិភពលោក។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា វិស័យ semiconductor មានលក្ខណៈសកលភាវូបនីយកម្មយ៉ាងខ្លាំងបន្ទាប់ពីមានការរីកចម្រើនជាច្រើនទសវត្សរ៍ ហើយនេះ គឺជាលទ្ធផលនៃច្បាប់ទីផ្សារ និងជម្រើស ដែលសហគ្រាសបានធ្វើ។
យោងតាមក្រសួងបានឱ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ សហរដ្ឋអាមេរិកតែងតែពង្រីកគំនិតនៃសន្តិសុខជាតិ រំលោភលើវិធានការត្រួតពិនិត្យការនាំចេញ បំបែកទីផ្សារ semiconductor ពិភពលោកដោយចេតនា ហើយចង់ជ្រៀតជ្រែកក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងសហគ្រាសមកពីប្រទេសផ្សេងៗ៕
ប្រែសម្រួល ឈូក បូរ៉ា