វ៉ាស៊ីនតោន៖ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅក្នុងការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗ នេះជាមួយលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់លោកថា លោកនឹងអាចដោះស្រាយជម្លោះ ដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើលោកត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកបន្ទាប់នៅក្នុងខែវិច្ឆិកា។
លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Truth Social កាលពីថ្ងៃសុក្រថា “ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី និងខ្ញុំបានជជែកគ្នាតាមទូរស័ព្ទដ៏ល្អមួយ កាលពីដើមថ្ងៃនេះ ខ្ញុំសូមកោតសរសើរ ចំពោះលោកប្រធានាធិបតី ហ្សេឡិនស្គី ដែលបានទាក់ទងមក ពីព្រោះខ្ញុំក្នុងនាមជាប្រធានាធិបតីបន្ទាប់របស់អ្នកនៃសហរដ្ឋអាមេរិក នឹងនាំមកនូវសន្តិភាពដល់ពិភពលោក និងការបញ្ចប់សង្រ្គាម។
លោក ត្រាំ បាននិយាយបន្ថែមទៀតថា លោកជឿជាក់ថា ភាគីទាំងពីរនឹងអាចរួមគ្នា និងចរចារលើកិច្ចព្រមព្រៀងមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik។
លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាជាចុងក្រោយថានឹងជួបដោយផ្ទាល់ សម្រាប់កិច្ចពិភាក្សាបន្ថែមទៀតអំពីជំហានអ្វីខ្លះ ដែលអាចត្រូវបានធ្វើឡើង ដើម្បីជួយសម្រួលដល់ការចរចា។
កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ស្តីពីការត្រៀមខ្លួន ដើម្បីជួយដោះស្រាយជម្លោះនៅអ៊ុយក្រែន។
វិមានក្រឹមឡាំងបានកត់សម្គាល់ថា លោក ពូទីន នាពេលនេះមិនមានគម្រោងធ្វើកិច្ចចរចាជាមួយលោក ត្រាំ ស្តីពីការសម្រេចបានសន្តិភាពនៅអ៊ុយក្រែននោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា