ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បើកការវាយប្រហារដោយផ្ទាល់ លើកដំបូងលើទឹកដីយេមែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានចាប់ផ្តើមការវាយឆ្មក់តាមអាកាសទ្រង់ទ្រាយធំដោយផ្ទាល់ជាលើកដំបូងមិនធ្លាប់មានលើទីក្រុងកំពង់ផែ Hodeidah នៃប្រទេសយេមែន ដោយបានបង្កឱ្យមានការឆេះយ៉ាងសន្ធោសន្ធៅ នៅឯស្ថានីយប្រេងរបស់កំពង់ផែ និងកន្លែងផ្សេងៗទៀត។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាស៊ីវិលដែលភ្ជាប់ជាមួយអ៊ីស្រាអែល ក៏ដូចជាការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើកមកលើប្រទេសដោយក្រុមសកម្មប្រយុទ្ធ Houthi ដែលមានមូលដ្ឋាននៅយេមែនផងដែរ។

យោធាបាននិយាយថា៖មុននេះ យន្តហោះចម្បាំងរបស់ IDF បានវាយប្រហារគោលដៅយោធានៃរបបភេរវករ Houthi នៅក្នុងតំបន់កំពង់ផែ Hodeidah ក្នុងប្រទេសយេមែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររាប់រយដែលធ្វើឡើងប្រឆាំងនឹងរដ្ឋអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

វីដេអូដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតបង្ហាញថា ការវាយប្រហារត្រូវបានប្រមូលផ្តុំនៅទីតាំងស្តុកប្រេងដ៏ធំទូលាយមួយរបស់កំពង់ផែ ដោយមានធុងស្តុកទុកជាច្រើនត្រូវបានភ្លើងឆាបឆេះ។

អណ្តាតភ្លើងបានរាលដាល ដោយសារប្រេងឥន្ធនៈកាន់តែធំទៅហើយជឿជាក់ថាវាយប្រហារនេះបានធ្វើឲ្យមានអ្នកស្លាប់ និងរបួសនៅជាច្រើននាក់ទោះបីជាមិនអាចកំណត់បានចំនួននៅឡើយក្តីនេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

ប្រែសម្រួល៖ស៊ុនលី

To Top