ព័ត៌មានអន្តរជាតិ

Update៖ វៀតណាម ប្រកាសថា នឹងរៀបចំពីបុណ្យសពរដ្ឋ សម្រាប់ការទទួលមរណភាពរបស់លោក ង្វៀន ភូទ្រុង ក្នុងរយៈពេល ២ថ្ងៃ

ហាណូយ៖ សេចក្តីថ្លែងការណ៍ពិសេសបានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសវៀតណាម នឹងរៀបចំពិធីបុណ្យសពរដ្ឋរយៈពេល ២ថ្ងៃសម្រាប់លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ហៅកាត់ថា (CPV) ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ក្នុងជន្មាយុ ៨០ឆ្នាំ។

សេចក្តីថ្លែងការណ៍ខាងលើនេះត្រូវបានចេញផ្សាយរួមគ្នាដោយគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម រដ្ឋសភាប្រមុខរដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ។

នៅក្នុងអំឡុងពេលកាន់ទុក្ខជាតិនៅថ្ងៃទី២៥ដល់២៦ ខែកក្កដា ទង់ជាតិនឹងត្រូវបានបង្ហោះតែពាក់កណ្តាលដងប៉ុណ្ណោះនៅទីស្នាក់ការរដ្ឋ និងកន្លែងសាធារណៈ ហើយសកម្មភាពកម្សាន្ត និងការកម្សាន្តនឹងត្រូវផ្អាកផងដែរ ។

ពិធីគោរពវិញ្ញាណក្ខន្ធ  និងពិធីបញ្ចុះសពនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ។

ទន្ទឹមនឹងនេះដែរ ពិធីគោរពវិញ្ញាណក្ខន្ធ និងគោរពវិញ្ញាណក្ខន្ធលោក ទ្រុង ក៏នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ
និងស្រុកកំណើតនៅឃុំ ដុង ហយ (Dong Hoi) ស្រុក ដុង អាញ់ (Dong Anh) ទីក្រុងហាណូយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top