បាកដាដ ៖ ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលគេស្គាល់ថាជា “ការតស៊ូអ៊ីស្លាម ក្នុងប្រទេសអ៊ីរ៉ាក់” បានឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារ ដោយយន្តហោះដ្រូន ទៅលើទីតាំងមួយនៅទីក្រុងកំពង់ផែ Eilat ភាគខាងត្បូង របស់ប្រទេសអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ិនធឺណិត កងជីវពលបានអះអាងថា យុទ្ធជនរបស់ខ្លួនបានធ្វើការ វាយប្រហារដោយយន្តហោះដ្រូន នៅព្រឹកថ្ងៃអាទិត្យ នៅលើកន្លែងសំខាន់ ក្នុងទីក្រុងកំពង់ផែ Eilat ។ ក្រុមនេះបានឲ្យដឹងថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយសាមគ្គីភាព ជាមួយប្រជាជននៃតំបន់ហ្គាហ្សា ហើយបានប្តេជ្ញាបន្តកំណត់គោលដៅ បន្ទាយរបស់សត្រូវ ។
សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មាន លម្អិតអំពីទីតាំងគោលដៅ ឬជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះទេ។ អាជ្ញាធរអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយជុំវិញការវាយប្រហារ ដោយយន្ដហោះដ្រូននោះដែរ។
ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្រុមតស៊ូអ៊ីស្លាម នៅអ៊ីរ៉ាក់ បានបើកការវាយប្រហារ ជាច្រើនលើគោលដៅអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់ ដោយអះអាងថា គាំទ្រ ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា