ព័ត៌មានអន្តរជាតិ

គណៈប្រតិភូ អ៊ីស្រាអែល ចូលរួមកិច្ចចរចា បទឈប់បាញ់ថ្មីនៅកាតា

យេរ៉ូសាឡឹម ៖ ការិយាល័យ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា គណៈប្រតិភូអ៊ីស្រាអែល នឹងធ្វើទស្សនកិច្ចនៅកាតា នៅចុងសប្តាហ៍នេះ ដើម្បីបន្តការចរចារ សម្រាប់កិច្ចព្រមព្រៀង បទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោសចំណាប់ខ្មាំង។

យោងតាមការិយាល័យរបស់គាត់បានឱ្យដឹងថា លោក ណេតាន់យ៉ាហ៊ូ បានធ្វើការពិភាក្សាដ៏វែងមួយកាលពីថ្ងៃអាទិត្យ ជាមួយសមាជិកនៃក្រុមចរចា និងមន្ត្រីសន្តិសុខជាន់ខ្ពស់ ទាក់ទងនឹងចំណាប់ខ្មាំង អ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួន នៅក្នុងតំបន់ហ្គាហ្សា ។

គណៈប្រតិភូដែលដឹកនាំដោយប្រធាន Mossad លោក David Barnea នឹងទៅដល់ទីក្រុងដូហា នៅថ្ងៃព្រហស្បតិ៍ ហើយចូលរួមការចរចាដោយប្រយោល ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប និងគាំទ្រដោយសហរដ្ឋអាមេរិក។

ការចរចារថ្មីត្រូវបានពន្យារពេលប្រហែលមួយសប្តាហ៍ បន្ទាប់ពីក្រុមហាម៉ាស់ បានបញ្ឈប់ការចរចា ក្នុងការតវ៉ាជុំវិញការវាយប្រហារ របស់អ៊ីស្រាអែលលើទីក្រុង Khan Younis កាលពីថ្ងៃទី១៣ ខែកក្កដា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩០នាក់។

កិច្ចចរចាមុនៗក្នុងប្រទេសកាតា រហូតមកដល់ពេលនេះបានបរាជ័យ ក្នុងការបង្កើតកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះជាង ៩ខែនៅតំបន់ហ្គាហ្សា ដោយភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញ ទៅមកចំពោះភាពជាប់គាំងនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top