បរទេស៖ មន្ត្រីនៅក្នុងតំបន់ Krasnodar របស់រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានបំផ្លាញរោងចក្រចម្រាញ់ប្រេងមួយ។ ក្រុមមន្ត្រីបាននិយាយថា រោងចក្រចម្រាញ់ Tuapseដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Rosneft ត្រូវឆាបឆេះដែលក្រោយមកត្រូវបានពន្លត់ឱ្យរលត់វិញ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រោងចក្រដដែលនេះត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ុយក្រែនជាច្រើនលើកនៅដើមឆ្នាំនេះ។
ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍នៅថ្ងៃចន្ទថា បានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៧៥គ្រឿងនៅក្នុងតំបន់តាមបណ្តោយ និងក្បែរព្រំដែនរុស្ស៊ី-អ៊ុយក្រែន រួមទាំង ៨ គ្រឿងនៅពីលើ Krasnodar ។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនគឺជារឿងធម្មតានៅក្នុងតំបន់ទាំងនោះ ប៉ុន្តែទំហំដែលបានរាយការណ៍នៅថ្ងៃច័ន្ទគឺធំជាងធម្មតា។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន ៤៧គ្រឿងត្រូវបានបំផ្លាញនៅលើតំបន់ Rostov ជាកន្លែងដែលក្រុមមន្ត្រីបាននិយាយថា មានការបាញ់កាំជ្រួចតូចៗជាច្រើនប៉ុន្តែមិនមានអ្នករងរបួសនោះទេ។
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បាននិយាយថា មនុស្សម្នាក់បានរងរបួស
នៅពេលដែលយន្តហោះគ្មានមនុស្សបើកបានវាយប្រហារលើរថយន្តដែលពួកគេកំពុងបើកបរ។
កងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ពីលើទីក្រុង Voronezh និង Smolenskជាទីដែលមន្ត្រីរាយការណ៍ថា មិនមានអ្នករងរបួសនោះទេ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន ១៧គ្រឿងផ្សេងទៀតរបស់អ៊ុយក្រែន ត្រូវបានទម្លាក់ពីលើសមុទ្រខ្មៅ និងសមុទ្រ Azov ៕
ប្រែសម្រួលៈ ណៃ តុលា