តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានឲ្យដឹងថា កម្តដ៏ៅក្តៅគគុកនៅតែបន្តកើតមានឡើងនៅទូទាំងប្រទេសជប៉ុន ហើយនៅពេលព្រឹកថ្ងៃចន្ទនេះ កម្រិតសីតុណ្ហភាពបានកើនឡើងដល់ ៣៧អង្សាសេ នៅតំបន់មួយចំនួន។
ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឲ្យដឹងថា ពន្លឺព្រះអាទិត្យខ្លាំងបានចាប់ផ្តើមជំរុញឱ្យសីតុណ្ហភាពនៅទូទាំងប្រទេសចាប់ពីពេលព្រឹក ដោយមានការជូនដំណឹងអំពីជំងឺគ្រុនក្តៅត្រូវបានប្រកាសឲ្យដឹងសម្រាប់ខេត្តចំនួន៣៩ក្នុងចំណោមខេត្តចំនួន៤៧។
ទិន្នន័យរបស់ទីភ្នាក់ងារអាកាសធាតុបានបង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង១១និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក កម្រិតបារតបានឡើងដល់ ៣៧,៥អង្សារសេ នៅទីក្រុង Daigo ខេត្ត Ibaraki ហើយសីតុណ្ហភាព៣៧,៤អង្សាសេ នៅទីក្រុង Hamamatsu ខេត្ត Shizuoka និងសីតុណ្ហភាព៣៦,១អង្សាសេ នៅទីក្រុងតូក្យូ។
ទីភ្នាក់ងារ JMA បានឲ្យដឹងទៀតថា សីតុណ្ហភាពខ្ពស់នៅពេលថ្ងៃត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣៩អង្សាសេនៅក្នុងទីក្រុង Gifu និងទីក្រុង Kumagaya នៃខេត្ត Saitama និងសីតុណ្ហភាព៣៨អង្សាសេនៅទីក្រុង Saitama និងក្រុង Nagoya ។
មន្ត្រីឧតុនិយមបានជំរុញឱ្យពលរដ្ឋចាត់វិធានការការពារឱ្យបានហ្មត់ចត់ ដូចជាជៀសវាងការចេញទៅខាងក្រៅឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងឲ្យធ្វើការស្នាក់តែនៅក្នុងទីធ្លាត្រជាក់ក្នុងផ្ទះប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
