បរទេស៖ ការមានលោកស្រី Kamala Harris ជាប្រធានាធិបតីអាចនាំឱ្យមានការផ្លាស់ប្តូរសំឡេង ចំពោះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ប៉ុន្តែទំនងជាមិនផ្លាស់ប្តូរគោលនយោបាយ ពិតប្រាកដរបស់សហរដ្ឋអាមេរិក លើអ៊ីស្រាអែលនោះទេ។ នេះបើយោងតាម NBC News ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកនឹងមិនស្វែងរកការឈរ ឈ្មោះបោះឆ្នោតឡើងវិញនោះទេ ហើយបានគាំទ្រលោកស្រី Harris ដែលជាអនុប្រធានាធិបតីរបស់គាត់ សម្រាប់ជាបេក្ខភាពប្រធានាធិបតីវិញម្តង។ ចាប់តាំងពីពេលនោះមក គណបក្សប្រជាធិបតេយ្យភាគច្រើនបានធ្វើតាម ប៉ុន្តែលោកស្រីមិនទាន់ត្រូវបានតែងតាំង ជាផ្លូវការដោយគណបក្សនៅឡើយទេ។
លោកស្រី Harris ត្រូវបាន “រំពឹងយ៉ាងទូលំទូលាយថា នឹងបន្ត” គោលនយោបាយការបរទេសរបស់លោក Biden ប្រសិនបើជាប់ឆ្នោត ប៉ុន្តែ “ហាក់ដូចជាមានឆន្ទៈក្នុងការរិះគន់លោក Netanyahu ជាសាធារណៈ និងបង្ហាញពីការយល់ចិត្តចំពោះស្ថានភាព របស់ជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ Gaza Strip” , នេះបើតាមសារព័ត៌មាន NBC បានកត់សម្គាល់ដោយដកស្រង់សម្តីអតីតមន្ត្រី និងអ្នកវិភាគនៅទីក្រុងវ៉ាស៊ីនតោន។
ប្រភពជិតស្និទ្ធនឹងរដ្ឋបាលអាមេរិកបាននិយាយថា លោកស្រី Harris ជាអាមេរិកដើមកំណើតអារ៉ាប់ អ្នកបោះឆ្នោតវ័យក្មេង និងអ្នកជឿនលឿនអាចបើកចំហចំពោះលោកស្រី Harris “ពីព្រោះលោកស្រីមិនត្រូវបានគេមើលឃើញថា ជាអ្នកទទួលខុសត្រូវចំពោះ គោលនយោបាយអ៊ីស្រាអែលរបស់ Biden” ហើយគណបក្សប្រជាធិបតេយ្យសង្ឃឹមថា “វានឹងជួយដល់តម្លៃរបស់លោកស្រី” ។
យោងតាមលោក Aaron David Miller សមាជិកជាន់ខ្ពស់នៃក្រុម អ្នកវិភាគគោលនយោបាយ Carnegie Endowment for International Peace បានឱ្យដឹងថា តំណែងប្រធានាធិបតីរបស់លោកស្រី Harris អាចបណ្តាលឱ្យមាន “ឥរិយាបថវោហាសាស្ត្រដែលមានតុល្យភាពជាងមុន” ។
លោក Miller បាននិយាយថា “លោកស្រីច្បាស់ជានឹងមានការអាណិតអាសូរ កាន់តែច្រើននៅពេលនិយាយអំពីបញ្ហា រដ្ឋប៉ាឡេស្ទីននិងសូម្បីតែសិទ្ធិប៉ាឡេស្ទីន” ប៉ុន្តែបានកត់សម្គាល់ថា លោកស្រី Harris ទំនងជាមិនដឹកនាំការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងគោលនយោបាយនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា