បរទេស៖ ទូរទស្សន៍រដ្ឋរបស់មីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃច័ន្ទថា រាល់ភារកិច្ចទាំងអស់របស់ប្រធានាធិបតីមីយ៉ាន់ម៉ា ត្រូវបានផ្ទេរទៅឱ្យប្រមុខរបបយោធាដែលកំពុងកាន់អំណាចគឺលោកឧត្តមសេនីយ៍ Min Aung Hlaing បន្ទាប់ពីប្រមុខរដ្ឋដែល ត្រូវបានដាក់ឱ្យសម្រាកព្យាបាលបន្ទាប់ពីមានជំងឺរ៉ាំរ៉ៃ រហូតហូបអាហារលែងបាន។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពវឹកវរចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលយោធាដឹកនាំដោយលោកឧត្តមសេនីយ៍ Min Aung Hlaing បានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារ ដែលបង្កឱ្យមានរលកនៃការតវ៉ា ដែលបានផ្លាស់ប្តូរទៅជាការបះបោរប្រដាប់អាវុធទូទាំងប្រទេសប្រឆាំងនឹងរបបយោធា។
ទោះបីជាលោក Myint Swe ដែលមានអាយុ ៧៣ឆ្នាំ គ្រាន់តែជាប្រធានាធិបតីឥស្សរជន (មានឋានៈខ្ពស់ប៉ុន្ដែគ្មានអំណាចពិតប្រាកដ) ក៏ដោយ ក៏របបយោធាបានពឹងផ្អែកលើគាត់ក្នុងការចុះហត្ថលេខាលើក្រឹត្យរបស់ខ្លួន និងផ្តល់នូវភាពស្របច្បាប់នៃការគ្រប់គ្រងរបស់ខ្លួន ដែលកំពុងតែតស៊ូដើម្បីទប់ស្កាត់សង្គ្រាមស៊ីវិលដែលកំពុងរករាលដាល និងគ្រប់គ្រងសេដ្ឋកិច្ចដែលដួលរលំ។
ទូរទស្សន៍រដ្ឋ MRTV បានផ្សាយកាលពីថ្ងៃចន្ទថា “ការិយាល័យប្រធានាធិបតីបណ្តោះអាសន្នបានផ្ញើលិខិតមួយទៅកាន់ការិយាល័យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដោយជូនដំណឹងដល់ការិយាល័យនេះដើម្បីធ្វើប្រតិភូកម្មការទទួលខុសត្រូវ” ដោយសំដៅទៅលើក្រុមប្រឹក្សាដែលគាំទ្រ ដោយយោធាដែលដឹកនាំដោយឧត្តមសេនីយ៍ Min Aung Hlaing ។
សូមជម្រាបថា សារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍កាលពីសប្តាហ៍មុនថា
លោក Myint Swe ដែលជាអតីតមន្ត្រីកងទ័ពដែលបានក្លាយជាប្រធានាធិបតី ក្នុងអំឡុងពេលធ្វើរដ្ឋប្រហារ
ពេលនេះកំពុងទទួលរងនូវ “ជំងឺសរសៃប្រសាទ” ដោយបន្ថែមថា លោកមិនអាចធ្វើសកម្មភាពជាមូលដ្ឋាន រួមទាំងការបរិភោគអាហារផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា