បរទេស ៖ គណបក្សភឿថៃដែលកំពុងកាន់ អំណាច និងដៃគូចម្រុះគឺគណបក្ស ភុំចៃថៃ បានបដិសេធថា មិនបានធ្វើកិច្ចព្រមព្រៀង សម្ងាត់ណាមួយ ជាមួយគ្នាឡើយ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងមេដឹកនាំគណបក្ស ភុំចៃថៃ លោក អានុទីន ចាន់វីរៈគុល ត្រូវបានគេប្រទះឃើញ បានលេងវាយកូនហ្គោល ជាមួយគ្នានៅឯរមណីយដ្ឋាន មួយក្នុងខេត្ត នគររាជសីម៉ា កាលពីចុងសប្តាហ៍។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក អានុទីន ដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ បាននិយាយថា លោក ថាក់ស៊ីន និង គ្រួសារ របស់លោក ស្នាក់នៅ សណ្ឋាគារដាច់ ដោយឡែកមួយ ។ លោកបានទទូចថា លោកមិនបានពិភាក្សារឿង នយោបាយជាមួយ លោក ថាក់ស៊ីន ដែលត្រូវបានគេជឿយ៉ាងទូលំទូលាយថា ជាមេដឹកនាំបក្សភឿថៃ នោះទេ។
លោក អានុទីន ក៏បានបដិសេធការស្នើសុំឱ្យលោក ថាក់ស៊ីន ដោះស្រាយជម្លោះរវាងគណបក្សភឿថៃ និង គណបក្ស ភុំចៃថៃ ជុំវិញផែនការរបស់រដ្ឋាភិបាលក្នុងការចាត់ថ្នាក់ឡើងវិញកញ្ឆា ជាគ្រឿងញៀន។ លោក អានុទីន បាននិយាយថា “វាមិនមានអ្វីពាក់ព័ន្ធនឹង លោកថាក់ស៊ីនទេ។ ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន [NCB] នឹងធ្វើការសម្រេច ចិត្តលើបញ្ហានេះ” ។
យោងតាមក្រុមអ្នកសង្កេតការណ៍ គឺថា ជម្លោះហាក់ដូច ជាបានលេចចេញឡើងរវាងគណបក្ស ភុំចៃថៃ ដែលតស៊ូមតិលើនិរន្តរភាព នៃរុក្ខជាតិ និងគណបក្សភឿថៃ ដែលព្យាយាមផ្លាស់ប្តូរ គោលនយោបាយនោះ។ គណៈកម្មាធិការសុខភាព ដែលទទួលខុសត្រូវលើការគ្រប់គ្រង គ្រឿងញៀនខុសច្បាប់ បានបោះឆ្នោតកាលពីថ្ងៃទី ៥ ខែកក្កដា ដើម្បីចាត់ថ្នាក់ឡើងវិញនូវកញ្ឆា និង អាភៀន ជាគ្រឿងញៀន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ គណៈកម្មាធិការនឹងបញ្ជូន របាយការណ៍របស់ខ្លួនទៅ ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន ដើម្បីពិចារណាក្នុងខែនេះ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មថៃ លោក ភុំថាម វីឆាយ៉ាឆៃ ក៏បានបដិសេធ ចំពោះកិច្ចព្រមព្រៀង ណាមួយដែលធ្វើឱ្យប៉ះពាល់រវាងគណបក្សភឿថៃ និងគណបក្ស ភុំចៃថៃ ។ លោកបាននិយាយថា៖ «ពួកគេបានទៅលេង វាយកូនហ្គោល ច្រៀងចម្រៀង និងញ៉ាំអាហារពេលល្ងាចជាមួយគ្នា។
ប៉ុន្តែប្រភពបានកត់សម្គាល់ថា កាលបរិច្ឆេទ វាយកូនហ្គោលរវាងលោក អានុទីន និង លោក ថាក់ស៊ីន នៅរមណីយដ្ឋាន ខៅយ៉ៃ គឺមានបំណងបញ្ចប់ជម្លោះ កញ្ឆារវាងភាគីទាំងពីរ៕
ប្រែសម្រួលៈ ណៃ តុលា