ព័ត៌មានអន្តរជាតិ

ជប៉ុន ដាក់​ទណ្ឌកម្ម​ លើ​អ្នក​តាំង​លំនៅ ​របស់​អ៊ីស្រាអែល ​នៅ​តំបន់ វេសប៊ែង ជា​លើក​ដំបូង

តូក្យូ ៖ រដ្ឋាភិបាល​ជប៉ុន បាន​សម្រេច​បង្កក​ទ្រព្យសម្បត្តិ ​របស់​អ្នក​តាំង​លំនៅ​អ៊ីស្រាអែល ៤នាក់​នៅ​តំបន់​វេសប៊ែង សម្រាប់​អំពើ​ហិង្សា​លើ​ពលរដ្ឋប៉ាឡេស្ទីន​ជា​ទណ្ឌកម្ម​លើក​ដំបូង​ របស់​ប្រទេស​នេះ។

ចំណាត់ការនេះកើតឡើងចំពេលមានការកើនឡើងយ៉ាងខ្លាំង នៃអំពើហិង្សានៅតំបន់វេសប៊ែង ដែលកាន់កាប់ចាប់តាំង ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន បានប្រាប់សន្និសីទសារព័ត៌មានដោយ ចង្អុលទៅអំពើហឹង្សានិងសកម្មភាពគំរាមកំហែង ដែលប្រព្រឹត្តដោយអ្នកតាំង លំនៅរ៉ាឌីកាល់ប្រឆាំងនឹងសហគមន៍ប៉ាឡេស្ទីន រួមទាំងករណី ដែលប៉ាឡេស្ទីនត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេថា “បញ្ហាកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរ” ។

តំបន់វេសប៊ែង ដែលជាទឹកដីមួយក្នុងចំណោមទឹកដីប៉ាឡេស្ទីនចំនួនពីរត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលចាប់តាំងពីសង្រ្គាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៦៧ ហើយសកម្មភាពតាំង ទីលំនៅបានពង្រីក។  ទឹកដីមួយទៀត គឺតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស់ និងទម្លាក់គ្រាប់បែក ដោយកងកម្លាំងអ៊ីស្រាអែលបន្ទាប់ពីការវាយលុកកាលពីថ្ងៃទី០៧ ខែតុលា។

ប្រទេសជប៉ុនបានប្រកាន់ជំហរថា សកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែល បំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពនៃដំណោះស្រាយរដ្ឋពីរ ដែលនឹងមើលឃើញការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយជាមួយអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top