CNN ៖ យោងតាមមន្ត្រីនៅក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន១៨នាក់បានស្លាប់ ក្រោយពីយន្តហោះខ្នាត តូច១គ្រឿង បានធ្លាក់ចេញពីផ្លូវរត់ក្នុងរដ្ឋធានី នៃប្រទេសនេប៉ាល់នៅថ្ងៃពុធនេះ ។
អាជ្ញាធរអាកាសចរណ៍ ស៊ីវិលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សម្នាក់បានរួចជីវិតពីការធ្លាក់យន្តហោះ Saurya Airlines នេះ ។ បើយោងតាមប៉ូលិស បានឱ្យដឹងថា អ្នកដំណើរទាំងអស់ នៅលើយន្តហោះមានជនជាតិនេប៉ាល់ ចំនួន១៨នាក់ និងពលរដ្ឋយ៉េមែនម្នាក់ គឺជាបុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូន ។
រូបភាពបញ្ចេញដោយប៉ូលិសនេប៉ាល់ បានបង្ហាញពីផ្សែងហុយចេញពីយន្តហោះដែលកំពុងឆេះនៅលើផ្លូវរត់ព្រលានយន្តហោះ ។
លោក Gyanendra Bhul មន្ត្រីព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan បានប្រាប់ដល់ទូរទស្សន៍ CNN យ៉ាងដូច្នេះថា យន្តហោះបានធ្លាក់នៅក្នុងអំឡុងពេលហោះហើរចេញពីទីក្រុង Kathmandu ឆ្ពោះទៅកាន់ទីក្រុង Pokhara នៅម៉ោងប្រហែល ១១ព្រឹកម៉ោងក្នុងស្រុក។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា យន្តហោះកំពុងធ្វើដំណើរដើម្បីថែទាំផ្នែកបច្ចេកទេស ។
អាជ្ញាធរអាកាសចរណ៍បានឲ្យដឹងផងដែរថា “កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានចាប់ផ្តើមភ្លាមៗ ហើយស្ថានភាពត្រូវបានគ្រប់គ្រងបាន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា