ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប បញ្ចេញកាលបរិច្ឆេទ នៃការចាប់ផ្តើមបញ្ជូនប្រាក់ ដែលរឹបអូសពីរុស្ស៊ី យកទៅឱ្យអ៊ុយក្រែន

បរទេស៖ សហភាពអឺរ៉ុប បានលាតត្រដាងពីពេលវេលា ដែលខ្លួននឹងចាប់ផ្តើមបញ្ជូន ប្រាក់ដែលរឹបអូសពីរុស្ស៊ី យកទៅឱ្យអ៊ុយក្រែន ។ អ្នកការទូតកំពូល របស់ប្លុកអឺរ៉ុប លោក Josep Borrell បានអះអាងថា ការប្រាក់ដំបូង ដែលទទួលបាន លើទ្រព្យសកម្មរបស់រុស្ស៊ីដែលបានបង្កកចំនួន ៣០០ពាន់លានអឺរ៉ូ សរុបប្រហែល ១,៤ ពាន់លានអឺរ៉ូ នឹងត្រូវបញ្ជូនទៅទីក្រុងគៀវក្នុងសប្តាហ៍ដំបូងនៃខែសីហា ដើម្បីផ្តល់មូលនិធិដល់ការទិញអាវុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកការទូតកំពូល របស់សហភាព អឺរ៉ុប លោក Josep Borrell បានបញ្ជាក់ថា មូលនិធិនេះ នឹងត្រូវប្រើប្រាស់ ដើម្បីបំពេញតម្រូវការ សំខាន់នៃយោធារបស់ទីក្រុងគៀវ រួមទាំងការការពារ ដែនអាកាស កាំភ្លើងធំ ” ហើយនេះគឺជាលទ្ធកម្មថ្មី សម្រាប់ឧស្សាហកម្ម ការពារជាតិអ៊ុយក្រែន”។

លោក Josep Borrell បានឱ្យដឹងថា ដូច្នេះ យើងមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែពីអ៊ុយក្រែនផ្ទាល់។ ដែលពិតជារឿងសមហេតុសមផល និងមានប្រសិទ្ធភាពបំផុតដែលយើងអាចធ្វើបាន” ។

សហភាពអឺរ៉ុប និងក្រុមប្រទេស G7 បានរារាំងមូលនិធិអធិបតេយ្យភាព ប្រហែល ២៨០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារ កណ្តាលនៃប្រទេសរុស្ស៊ី ដែលមានរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ ។ ភាគច្រើននៃមូលនិធិ ដែលបង្កកត្រូវបានរក្សាទុក នៅក្នុងសហភាពអឺរ៉ុប ជាចម្បងនៅក្នុងកន្លែងដាក់ប្រាក់បែលហ្ស៊ិក និងកន្លែងទូទាត់ប្រាក់ Euroclear ។

កាលពីដើមឆ្នាំនេះ អាជ្ញាធរសហភាព អឺរ៉ុបបានអនុម័តគម្រោងមួយ ដែលអនុញ្ញាតឱ្យមានលទ្ធភាព ប្រើប្រាស់ការប្រាក់ ដែលបង្កកលើមូលនិធិ ដើម្បីគាំទ្រ ដល់ការស្ដារឡើងវិញ របស់អ៊ុយក្រែន និងការការពារយោធា។ នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រាក់ ៩០ភាគរយ ត្រូវបានគេរំពឹងថានឹងចូល ទៅក្នុងមូលនិធិដែលគ្រប់គ្រង ដោយសហភាពអឺរ៉ុបសម្រាប់ ជំនួយយោធាអ៊ុយក្រែនជាមួយនឹង ១០ភាគរយ ផ្សេងទៀតនឹងត្រូវបែងចែក សម្រាប់ការគាំទ្រទីក្រុងគៀវ តាមមធ្យោបាយផ្សេងទៀត ៕
ប្រែសម្រួលៈ ណៃ តុលា

To Top