ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ជំរុញ​រដ្ឋបាល និងសភាអាមេរិក ដាក់​សម្ពាធ​អ៊ីស្រាអែល ឲ្យ​បញ្ឈប់​សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា

AFP

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនបានជំរុញឱ្យ រដ្ឋបាលសហរដ្ឋអាមេរិក និងសភាដាក់សម្ពាធលើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឱ្យបញ្ឈប់ជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA ។

អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាដល់ពេលហើយសម្រាប់រដ្ឋបាល និងសភាអាមេរិក ដើម្បីប្រាប់លោក ណេតាន់យ៉ាហ៊ូ ថា “លោកត្រូវតែបញ្ឈប់សង្គ្រាមជាបន្ទាន់ ប្រសិនបើអាមេរិកមានឆន្ទៈពិតប្រាកដ ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់”។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “មានឱកាសមានកំណត់ ទោះបីវានៅសល់មួយភ្លែត ហើយវាអាស្រ័យលើរដ្ឋបាល និងសភារបស់សហរដ្ឋអាមេរិកក្នុងការចាប់យកវា ដើម្បីបញ្ឈប់សង្រ្គាម”។

លោក Abu Rudeineh បានបន្ថែមថា ភាគីអាមេរិកត្រូវតែដឹងថា ការគាំទ្ររបស់ខ្លួន សម្រាប់អ៊ីស្រាអែល ការផ្តល់អាវុធ និងហិរញ្ញវត្ថុ និងឈរប្រឆាំងនឹងភាពស្របច្បាប់អន្តរជាតិ ទទួលខុសត្រូវចំពោះ “ឧក្រិដ្ឋកម្ម” ដែលបានប្រព្រឹត្តលើប្រជាជនប៉ាឡេស្ទីន។

ដំណើរទស្សនកិច្ចរបស់លោក ណេតាន់យ៉ាហ៊ូ ទៅកាន់អាមេរិក ធ្វើឡើងចំពេលមានការរិះគន់ កាន់តែខ្លាំងឡើងប្រឆាំងនឹងលោក ណេតាន់យ៉ាហ៊ូ នៅឯផ្ទះជុំវិញការបរាជ័យរបស់លោក ក្នុងការធានាការដោះលែងចំណាប់ខ្មាំងប្រហែល ១២០ នាក់ដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា និងការបន្តនៃជម្លោះដ៏សាហាវ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top