ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រយោធារបស់រុស្ស៊ីមួយគ្រឿង ធ្លាក់ចូលតំបន់ព្រៃក្រាស់ បណ្តាលឱ្យស្លាប់សមាជិកនាវិកទាំងអស់

បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា ឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿងបានធ្លាក់នៅតំបន់ភាគខាងលិចនៃប្រទេស ដោយបានសម្លាប់សមាជិកនាវិកទាំងអស់នៅលើនោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែង
ការណ៍មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិបាននិយាយថា ឧទ្ធម្ភាគចក្រយន្តហោះ Mi-28
បានធ្លាក់នៅតំបន់ Kaluga ចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងមូស្គូ ខណៈកំពុងធ្វើការហោះហើរដែលបានគ្រោងទុកជាមុន។

ក្រុមមន្ត្រីបានបន្ថែមថា យន្តហោះបានធ្លាក់នៅតំបន់ដែលគ្មានមនុស្សរស់នៅ ហើយមិនបណ្តាលឱ្យមានការខូចខាតបន្ថែមទៀតនៅលើដីនោះទេ។ ទិន្នន័យបឋមបានបញ្ជាក់ថា ហេតុការណ៍នេះបណ្តាលមកពីការខុសបច្ចេកទេស។ គណៈកម្មការកងកម្លាំងអវកាសរុស្ស៊ីត្រូវបានបញ្ជូនទៅកាន់កន្លែងធ្វើការស៊ើបអង្កេត។

អភិបាលក្រុង Kaluga លោក Vladislav Shapsha បានបញ្ជាក់ពីការធ្លាក់យន្តហោះនេះ ដោយនិយាយថា
វាបានកើតឡើងនៅក្នុងស្រុក Zhizdrinsk ជាប់ព្រំដែនជាមួយតំបន់ Bryansk ដែលនៅជាប់ព្រំដែនជាមួយអ៊ុយក្រែន។ មន្ត្រីក្នុងតំបន់ដែលត្រូវបានដកស្រង់ដោយ TASS បាននិយាយថា ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ដែលមានព្រៃឈើយ៉ាងក្រាស់មិនឆ្ងាយពីភូមិ Klyonki ។

ប៉ុស្តិ៍ Mash Telegram បានរាយការណ៍ថា យន្តហោះដែលតែងតែប្រើក្នុងបេសកកម្មតាមប្រមាញ់យន្តហោះ
គ្មានមនុស្សបើក កំពុងត្រលប់មកពីប្រភេទប្រយុទ្ធ។ ប្រភពមួយបានអះអាងប្រាប់អ្នកសារព័ត៌មានថា សមាជិកនាវិកម្នាក់បានប្រទះឃើញភ្លើងឆេះនៅលើឧទ្ធម្ភាគចក្រពេលត្រឡប់ទៅមូលដ្ឋានវិញ ដោយសន្មតថាដោយ
សារម៉ាស៊ីនដំណើរការខុសប្រក្រតី។ ជាលទ្ធផល អ្នកបើកយន្តហោះបានបង្វែរឧទ្ធម្ភាគចក្រទៅកាន់តំបន់គ្មានមនុស្សរស់នៅ ដើម្បីជៀសវាងការស្លាប់ជនស៊ីវិលដែលអាចកើតមាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top