អង់ការ៉ា ៖ លោក Ali Yerlikaya រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប៉ូលិសតួកគីបានឃាត់ខ្លួន សមាជិកសង្ស័យ មកពីក្រុមរដ្ឋឥស្លាម ហៅកាត់ថា (IS)បានចំនួន៧២នាក់ នៅក្នុងប្រតិបត្តិការទូទាំងប្រទេស ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅលើបណ្តាញ សង្គម X យ៉ាងដូច្នេះថា ប្រតិបត្តិការនេះ ត្រូវបានអនុវត្ត នៅទូទាំងខេត្តចំនួន១៣ ដូចជា ក្រុង Ankara, Adana, Antalya, Corum, Elazig, Gaziantep, Hatay, Istanbul, Kirkkale, Kilis, Mersin, Sanliurfa និង Trabzon ។
លោកបានថ្លែងទៀតថា ចំនួនរូបិយប័ណ្ណ បរទេសមួយចំនួនធំ និងប្រាក់លីរ៉ារបស់តួកគី និងសម្ភារៈឌីជីថលជាច្រើន ត្រូវបានរឹបអូស ។
គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគី បានចាត់តាំងក្រុម IS ជាអង្គការភេរវករ នៅក្នុងឆ្នាំ២០១៣ ហើយប៉ូលិសតួកគី បាននិងកំពុងធ្វើប្រតិបត្តិការប្រឆាំង ភេរវកម្មជាប្រចាំប្រឆាំង នឹងសមាជិកពួកនេះ នៅទូទាំងប្រទេសរបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា