ព័ត៌មានអន្តរជាតិ

រអិលបាក់ដី នៅប្រទេសអេត្យូពី បណ្តាលស្លាប់ប្រជាជន ២៥៧ នាក់ ហើយអាចនឹង កើនឡើងដល់ ៥០០នាក់

AFP

បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារការ រអិលបាក់ដី នៅក្នុងតំបន់ដាច់ស្រយាល នៃភាគខាងត្បូងប្រទេសអេត្យូ ពីបានកើនឡើងដល់ ២៥៧ នាក់ ហើយចំនួននេះអាចកើន ឡើងដល់ ៥០០នាក់ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ បានបន្តស្វែងរកសាកសព និងអ្នកនៅរស់រាន មានជីវិតនៅទីក្រុង Kencho Shacha Gozdi ជាមួយនឹងហ្វូងមនុស្ស ដែលមានទុក្ខព្រួយជា ច្រើននាក់ បានជីកកកាយដីភក់ ដែលជារឿយៗ ឃើញពួកគេប្រើតែដៃទទេ និងប៉ែល។

លោក Solomon Tsoma បានប្រាប់ AFP ថា ១៣នាក់ នៃគ្រួសាររបស់គាត់បានស្លាប់ រួមទាំងកូនប្រាំពីរនាក់ របស់បងប្រុសគាត់។ លោក​បាន​និយាយ​ថា​៖ «​យើង​បាន​រក​ឃើញ​សាកសព​មនុស្ស​១២​នាក់​ហើយ ប៉ុន្តែ​មិន​អាច​រក​ឃើញ​សព​ប្អូន​ស្រី​ទេ»។

ទីភ្នាក់ងារមនុស្សធម៌ របស់អង្គការសហប្រជាជាតិ, OCHA បានផ្តល់ចំនួនអ្នកស្លាប់ថ្មីចំនួន ២៥៧ នាក់ ដោយលើកឡើង ពីអាជ្ញាធរក្នុងតំបន់។ វាបានបន្ថែមថា “ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០០ នាក់” ។

OCHA បាននិយាយថា មនុស្សជាង ១៥ ០០០ នាក់ត្រូវជម្លៀសចេញ ដោយសារតែហានិភ័យនៃការបាក់ដីបន្ថែមទៀត រួមទាំងកុមារយ៉ាងហោចណាស់ ១ ៣២០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ ៥ ២៩៣ នាក់ ឬម្តាយទើបនឹងកើត។

អង្គការនេះបាននិយាយថា ជំនួយបានចាប់ផ្តើម មកដល់តំបន់ដាច់ស្រយាល រួមទាំងរថយន្តដឹកទំនិញ ចំនួនបួនគ្រឿង ពីសមាគមកាកបាទក្រហមអេត្យូពី ។

ការរអិលបាក់ដី គឺបណ្តាលឱ្យមាន អ្នកស្លាប់ច្រើនបំផុត ក្នុងកំណត់ត្រា នៅក្នុងប្រទេសអេត្យូពី ដែលជាប្រទេស ដែលមានប្រជាជនច្រើន ជាងគេទីពីរ របស់ទ្វីបអាហ្រ្វិក ដែលជារឿយៗ ត្រូវបានវាយលុក ដោយគ្រោះមហន្តរាយ ទាក់ទងនឹងអាកាសធាតុ៕
ប្រែសម្រួលៈ ណៃ តុលា

To Top