តូក្យូ ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុន និងចិន គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ខណៈដែលទំនាក់ទំនងទ្វេភាគី មានភាពតានតឹងជុំវិញការបង្ហូរទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ចេញពីរោងចក្រថាម ពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។
ក្នុងអំឡុងពេល នៃកិច្ចប្រជុំនៅខាងក្រៅការប្រមូលផ្តុំ ជាបន្តបន្ទាប់ទាក់ទងនឹងអាស៊ាន នៅក្នុងប្រទេសឡាវ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa ត្រូវបានគេរំពឹងថា នឹងស្នើឱ្យសមភាគីចិនលោក វ៉ាង យី ដោះលែងពលរដ្ឋជប៉ុនម្នាក់ ដែលត្រូវបានឃុំខ្លួនពីបទចារកម្មឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ។
លោកស្រី Kamikawa និងលោក វ៉ាង យី នឹងជួបពិភាក្សាទ្វេភាគីជាលើកដំបូងចាប់តាំងពីកិច្ចប្រជុំត្រីភាគីរបស់ពួកគេពាក់ព័ន្ធនឹងកូរ៉េខាងត្បូង ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយប្រទេសជប៉ុន កំពុងស្វែងរកការលើកកម្ពស់ការផ្លាស់ប្តូរកម្រិតខ្ពស់ ដើម្បីដោះស្រាយជម្លោះផ្សេងៗរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីទាំងពីរក៏ទំនងជានឹងពិភាក្សាអំពីការអភិវឌ្ឍន៍មីស៊ីលផ្លោង និងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ក៏ដូចជាបញ្ហាជុំវិញកោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាខេត្ត ដែលត្រូវបង្រួបបង្រួមជាមួយដីគោកឡើងវិញ ដោយកម្លាំងប្រសិនបើចាំបាច់។
លោកស្រី Kamikawa គ្រោងនឹងជំរុញឱ្យលោក វ៉ាង យី ដករនាំង ដែលចិនបានដំឡើងនៅក្នុងដែនទឹកជុំវិញប្រជុំកោះសេនកាគូ ដែលគ្មានមនុស្សរស់នៅ ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ក្នុងសមុទ្រចិនខាងកើត នេះបើយោងតាមប្រភពរដ្ឋាភិបាលជប៉ុន។
ជប៉ុននិងចិន បានព្រមព្រៀងគ្នា ក្នុងការចាប់ផ្តើមការផ្លាស់ប្តូរឡើងវិញ រវាងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត។ នៅថ្ងៃសុក្រនេះលោកស្រី Kamikawa អាចនឹងបញ្ជាក់ជំហររបស់ទីក្រុងតូក្យូឡើងវិញ ដោយអំពាវនាវ ឱ្យបន្តការលើកលែងទិដ្ឋាការ សម្រាប់ការស្នាក់នៅរយៈពេលខ្លី សម្រាប់ជនជាតិជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា