ប្រេស៊ីល ៖ រដ្ឋាភិបាលប្រេស៊ីល បានផ្តល់ការសុំទោស ជាលើកដំបូងរបស់ខ្លួន ជុំវិញការធ្វើទុក្ខបុកម្នេញ លើជនអន្តោប្រវេសន៍ជប៉ុន នៅក្នុងប្រទេសរបស់ខ្លួន ក្នុងអំឡុងពេល និងក្រោយសង្គ្រាមលោកលើកទីពីរ ។
ប្រេស៊ីលបានទទួលស្គាល់ ការរំលោភសិទ្ធិនៅក្នុងពីរករណី – មួយករណី ដែលប្រេស៊ីល ជាផ្នែកមួយនៃសម្ព័ន្ធមិត្ត បានបណ្តេញជនអន្តោប្រវេសន៍ជប៉ុន ចេញពីផ្ទះរបស់ពួកគេក្នុងទីក្រុង Santos ក្នុងអំឡុងពេលសង្រ្គាម និងមួយទៀត នៅក្នុងនោះប្រេស៊ីលបានឃុំឃាំងមនុស្ស ដែលមានដើមកំណើតជប៉ុន នៅលើកោះ Anchieta នៅពេលក្រោយសង្គ្រាម។
បញ្ហានេះត្រូវបានពិនិត្យ ដោយគណៈកម្មការលើកលែងទោស នៃក្រសួងសិទ្ធិមនុស្ស និងពលរដ្ឋ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
ភាគីរួមទាំងក្រុមជនអន្តោប្រវេសន៍ជប៉ុន មកពីខេត្តអូគីណាវ៉ា បានជំរុញឱ្យរដ្ឋាភិបាលធ្វើការសុំទោសជុំវិញករណីទាំងពីរនេះ៕
ប្រែសម្រួល ឈូក បូរ៉ា