បរទេស៖ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន មិនគួរធ្វើឱ្យខូចដល់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ដែលផ្អែកលើសមភាព និងផលប្រយោជន៍ទៅវិញទៅមក នោះទេ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីលោក Daniel Kritenbrink ជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានអះអាងថា ទីក្រុងប៉េកាំងកំពុងគាំទ្រ ប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយដល់ឧស្សាហកម្មការពារជាតិរុស្ស៊ី ហើយដែលយោង ទៅតាមទីក្រុងវ៉ាស៊ីនតោន ទាំងនេះ គឺកំពុងមានផលប៉ះពាល់អស្ថិរភាព។
លោក Liu បាននិយាយដោយហៅការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនថា “សិទ្ធិរបស់ចិនក្នុងការចូលរួមក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតាជាមួយប្រទេសទាំងអស់ រួមទាំងរុស្ស៊ី … មិនគួរត្រូវបានបំផ្លាញនោះទេ” ។
អ្នកនាំពាក្យចិនរូបនេះ បាននិយាយថា “សហរដ្ឋអាមេរិកកំពុងរៀបចំយុទ្ធនាការមួយដើម្បីជួយអ៊ុយក្រែន ខណៈដែលកំពុងធ្វើការ ចោទប្រកាន់ ដោយគ្មានមូលដ្ឋាន” ដោយចិនបានរិះគន់វិធីសាស្រ្តបែបនេះថា “លាក់ពុត និងគ្មានការទទួលខុសត្រូវ” ដែលគាត់បាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងខ្លាំងក្លា។
លោក Liu Pengyu បានសង្កត់ធ្ងន់ថា ក្រុងប៉េកាំងតែងតែប្រកាន់យក “គោលជំហរ និងគោលជំហរយុត្តិធម៌” ទាក់ទងនឹងជម្លោះអ៊ុយក្រែន ហើយបានជំរុញយ៉ាង សកម្មការចរចាសន្តិភាព និងដំណោះស្រាយនយោបាយ។
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលរួមគ្នាផ្គត់ផ្គង់សម្ភារៈយោធាភាគច្រើនរបស់ទីក្រុងគៀវ ថាមានពុតត្បុត ដោយបញ្ជាក់ថា មហាអំណាចលោកខាងលិចគួរតែធ្វើការលើការនាំយករុស្ស៊ី និងអ៊ុយក្រែន មកកាន់តុចរចា ជាជាង “ផ្លាស់ប្តូរដោយការស្តីបន្ទោស” ទៅលើប្រទេសចិនសម្រាប់ការបន្ត អរិភាព៕
ប្រែសម្រួលៈ ណៃ តុលា