បរទេស៖ រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់បានរៀបចំការ វាយប្រហារបំផ្លិចបំផ្លាញប្រឆាំង នឹងបណ្តាញផ្លូវដែកល្បឿនលឿនរបស់បារាំង ដែលបានធ្វើឱ្យចរាចរណ៍គាំង មុនព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Katz បានសរសេរនៅលើ X (អតីត Twitter) ថា “ការបំផ្លិចបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក នៅទូទាំងប្រទេសបារាំង នៅមុនការប្រកួតកីឡា អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ គឺត្រូវបានគ្រោងទុក និងប្រតិបត្តិក្រោមឥទ្ធិពលនៃឥស្លាមដ៏អាក្រក់ និងឥស្លាមជ្រុលនិយមរបស់ប្រទេសអ៊ីរ៉ង់”។
លោក Katz បានបន្ថែមថា លោកបានដាស់តឿន រដ្ឋមន្ត្រីការបរទេសបារាំង Stephane Sejourne ថា “ផ្អែកលើព័ត៌មាន ដែលគ្រប់គ្រង ដោយអ៊ីស្រាអែល គឺអ៊ីរ៉ង់កំពុងរៀបចំផែនការ វាយប្រហារភេរវកម្មប្រឆាំង នឹងគណៈប្រតិភូអ៊ីស្រាអែល និងអ្នកចូលរួមអូឡាំពិកទាំងអស់”។លោកបានសរសេរថា «ការបង្កើនវិធានការបង្ការត្រូវតែធ្វើដើម្បីរារាំងផែនការរបស់ពួកគេ»។
ប្រតិបត្តិករផ្លូវដែកជាតិបារាំង SNCF បាននិយាយ កាលពីថ្ងៃសុក្រថា អ្នកដុតភ្លើងបានដុតប្រអប់សញ្ញា នៅតាមខ្សែបន្ទាត់ ដែលតភ្ជាប់ទីក្រុងប៉ារីសទៅកាន់ទីក្រុងធំៗមួយចំនួន រួមមាន Lille, Bordeaux និង Strasbourg។ ប្រតិបត្តិករបាននិយាយថា “ការវាយប្រហារដ៏ធំ” បានរំខានចរាចរណ៍មុនពេលប្រកួត ហើយបាននាំឱ្យមានការពន្យារពេល និងការលុបចោល ដែលប៉ះពាល់ដល់អ្នកដំណើរ ៨សែននាក់ នៅចុងសប្តាហ៍ ៕
ប្រែសម្រួលៈ ណៃ តុលា