ប៉េកាំង៖ នៅថ្ងៃសុក្រនេះ អាជ្ញាធរបានធ្វើការជម្លៀសពលរដ្ឋជិត ៣០០.០០០នាក់ និងបានផ្អាកការដឹកជញ្ជូនសាធារណៈ នៅទូទាំងតំបន់ភាគខាងកើតនៃប្រទេសចិន ខណៈព្យុះទីហ្វុង Gaemi បាននាំមកនូវភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្កឱ្យមានមនុស្សស្លាប់ចំនួន៥នាក់រួចទៅហើយនៅក្បែរកោះតៃវ៉ាន់។
ព្យុះ Gaemi គឺជាព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតដែលបានបោកបក់មកលើកោះតៃវ៉ាន់ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ
នៅគ្រាដែលព្យុះនេះបានបោកបក់កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្កឲ្យមានការជន់លិចផ្នែកខ្លះនៃទីក្រុងធំបំផុតទី២របស់ដែនកោះមួយនេះ ។
តួលេខរបស់ប៉ូលិសបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ព្យុះនេះក៏បានធ្វើឱ្យមានភ្លៀងធ្លាក់ចុះនៅតាមរដូវនៅក្នុង
ប្រទេសហ្វីលីពីនកាន់តែធ្ងន់ធ្ងរនៅលើផ្លូវឆ្ពោះទៅកាន់កោះតៃវ៉ាន់ ផងដែរ ដោយបានបង្កឱ្យមានគ្រោះទឹកជំនន់
និងគ្រោះបាក់ដីកើតឡើង ដែលបានសម្លាប់មនុស្សអស់ចំនួន៣០នាក់ ។
គេបានដឹងថា កាលពីថ្ងៃព្រហស្បតិ៍ នាវាដឹកប្រេងចំណុះ១,៤លានលីត្រចំនួន១គ្រឿងត្រូវបានព្យុះបោក
ពន្លិចចូលក្នុងទឹកនៅក្រុងម៉ានីល ដោយអាជ្ញាធរកំពុងរកវិធីទប់ស្កាត់ដើម្បីដឹកជញ្ជូនទំនិញចេញ និងបញ្ចៀសគ្រោះមហន្តរាយផ្នែកបរិស្ថានផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា