បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនយកចិត្តទុកដាក់ច្រើនចំពោះ ការអះអាងរបស់ទីក្រុងកៀវ ដែលថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពនោះទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN នោះ លោក Lavrov ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន រួមទាំងលោក Vladimir Zelensky និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba អំពីការបើកចំហចំពោះ ទំនាក់ទំនងជាមួយរុស្ស៊ី។
លោកZelensky នៅដើមខែនេះបានផ្តល់សញ្ញាថាគាត់ចង់បញ្ចប់ជម្លោះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយរុស្ស៊ីដោយមិនគិតពីអ្នកណាជាអ្នកកាន់អំណាចរបស់ប្រទេស។
នេះផ្ទុយទៅនឹងក្រឹត្យរបស់ប្រធានាធិបតី Zelensky ដែលបានចុះហត្ថលេខានៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ ដែលបានរារាំងរាល់កិច្ចចរចាជាមួយថ្នាក់ដឹកនាំបច្ចុប្បន្ននៅទីក្រុងម៉ូស្គូហើយមេដឹកនាំរូបនេះបានណែនាំការហាមប្រាមនេះបន្ទាប់ពីអតីតតំបន់អ៊ុយក្រែនចំនួនបួន បានបោះឆ្នោតលើសលប់ដើម្បីចូលរួមជាមួយរុស្ស៊ីទៀតផង។
ប៉ុន្តែយ់ាងណាក្តីផ្ទុយទៅវិញទន្ទឹមនឹងនេះដែរ លោក Kuleba បែរជាបានទទូចកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំដ៏កម្រមួយជាមួយសមភាគីចិន លោក Wang Yi ថាគ្មាននរណាម្នាក់អាចបង្ខំឲ្យទីក្រុងគៀវ ឱ្យចូលរួមក្នុងកិច្ចចរចាបានទេ៕
ប្រែសម្រួល៖ ស៊ុនលី