អាមេរិក៖ កាលពីថ្ងៃសៅរ៍ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងយ៉ាងដូច្នេះថា លោកនឹងត្រលប់ទៅកាន់ការជួបជុំគ្នានៅខាងក្រៅជាថ្មីវិញ ជាមួយនឹងការការពារបន្ថែមពីសេវាសម្ងាត់ ដែលការលើកឡើងនេះ ក្រោយពីរយៈពេល២សប្តាហ៍បន្ទាប់ពីលោកបានរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាតនៅឯព្រឹត្តិការណ៍យុទ្ធនាការដោយបើកចំហរមួយ។
លោក ត្រាំ បានថ្លែងនៅលើវេទិកា Truth Social របស់គាត់ថា “ខ្ញុំនឹងបន្តធ្វើបាតុកម្មនៅខាងក្រៅ ហើយសេវាសម្ងាត់បានយល់ព្រមក្នុងការបង្កើន ប្រតិបត្តិការរបស់ពួកគេយ៉ាងខ្លាំងបំផុត។ ពួកគេមានសមត្ថភាពធ្វើដូច្នេះបាន” ។
លោកបានថ្លែងទៀតថា “គ្មាននរណាម្នាក់អាចត្រូវបានអនុញ្ញាតឲ្យបញ្ឈប់ ឬរារាំងការបញ្ចេញមតិដោយសេរី ឬការជួបជុំគ្នាបានឡើយ” ។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់គាត់ដូច្នេះគឺបានធ្វើឡើងបន្ទាប់ពីសេវាសម្ងាត់ ត្រូវបានគេរាយការណ៍មកថា
បានលើកទឹកចិត្តយុទ្ធនាការរបស់លោក ត្រាំ ឱ្យបញ្ឈប់ការរៀបចំព្រឹត្តិការណ៍យុទ្ធនាការនៅខាងក្រៅ ក្រោយពីមានការប៉ុនប៉ងធ្វើឃាតមកលើរូបគាត់ ដោយជ្រើសរើសជំនួសកន្លែងសម្រាប់ការជួបជុំនៅក្នុងភូមិគ្រឹះវិញនោះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា