ព័ត៌មានអន្តរជាតិ

មន្ត្រី​ការទូត​កំពូល​អាមេរិក និង​ចិន ជួបជជែក​គ្នា​ជុំវិញ​បញ្ហាកោះ​តៃវ៉ាន់ និងសមុទ្រ​ចិនខាងត្បូង

វៀងច័ន្ទន៍៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងអ្នកការទូតកំពូលចិន លោក វ៉ាង យី បានជួបជជែកគ្នាជុំវិញបញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំថ្នាក់តំបន់ក្នុងប្រទេសឡាវ ខណៈពេលដែលយល់ព្រមរក្សាការទំនាក់ទំនងក្នុងប៉ុន្មានខែខាងមុខ។

ក្រសួងការបរទេសបានឲ្យដឹងថា លោក Blinken បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយបានលើកឡើងពីការព្រួយបារម្ភអំពី “សកម្មភាពអស្ថិរភាព” របស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងនៅ Thomas Shoal ដែលគ្រប់គ្រងដោយហ្វីលីពីន ដែលត្រូវបានទាមទារដោយប្រទេសចិន។

លោក វ៉ាង យី បានឲ្យដឹងថា កោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំង ចាត់ទុកជារបស់ខ្លួននឹង “មិនក្លាយជាប្រទេសនោះឡើយ ហើយថា ចិននឹងខិតខំប្រឹងប្រែង ដើម្បីសម្រេចបានការបង្រួបបង្រួមពេញលេញ”។

ក្រសួងបានឲ្យដឹងថា នៅលើច្រាំងថ្មចោទមានជម្លោះនៅសមុទ្រចិនខាងត្បូង លោក វ៉ាង យី បានជំរុញឱ្យសហរដ្ឋអាមេរិក “កុំបង្កបញ្ហា” និងធ្វើឱ្យខូចស្ថិរភាពដែនសមុទ្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រភពបន្ដថា លោក Blinken បានលើកឡើងថា សហរដ្ឋអាមេរិក នឹងបន្តចាត់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍ និងតម្លៃនៃសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ហើយបានបញ្ជាក់ពីការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ភាពតានតឹងបាននឹងកំពុងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង ដោយសារតែការប៉ះទង្គិចគ្នារវាងនាវាចិន និងហ្វីលីពីន ប៉ុន្តែកាលពីថ្ងៃសុក្រ លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Enrique Manalo បានយល់ព្រមធ្វើការឆ្ពោះទៅរកការកាត់បន្ថយជម្លោះនៅក្នុងតំបន់៕

ប្រែសម្រួល: ឈូក បូរ៉ា

To Top