ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុន MEDIAPRO Group បានដើរដល់កិច្ចសហប្រតិបត្តិការ

ថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុន MEDIAPRO Group របស់អេស្ប៉ាញបានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

ភាគីទាំងពីរបានដើរដល់គំនិតឯកភាពអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាការចែករំលែកធនធានព័ត៌មានការផលិតកម្មវិធីសោតទស្សន៍ និងការច្នៃប្រឌិតថ្មីនិងប្រើប្រាស់បច្ចេកវិទ្យាថ្មីជាដើម។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Benet ប្រធានក្រុមហ៊ុន MEDIAPRO Group បានតំណាងឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

លោក Shen Haixiong បានថ្លែងថា ក្រុមហ៊ុន MEDIAPRO Group មានបទពិសោធដ៏សម្បូរបែប និងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍កីឡា ការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ លោកសង្ឃឹមថាភាគីទាំងពីរ នឹងយកកិច្ចសហប្រតិបត្តិការនេះជាឱកាស ដើម្បីពង្រឹងការផ្លាស់ប្តូរក្នុងវិស័យផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍កីឡាការផលិតភាពយន្ត និងខ្សែរឿងភាគទូរទស្សន៍ ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

លោក Benet បានឆ្លើយតបថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានចម្រុះលំដាប់ពិភពលោក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានទទួលខុសត្រូវការផ្សាយបន្តផ្ទាល់នូវការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសក្នុងវិញ្ញាសាមួយចំនួន ដែលបង្ហាញពីកម្លាំងខ្លាំងក្លានៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ យើងទន្ទឹងរង់ចាំធ្វើការជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរវប្បធម៌និងមិត្តភាពរវាងប្រជាជនអេស្ប៉ាញ និងចិន៕

To Top