យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអែលបានអំពាវនាវឱ្យមានការសងសឹកប្រឆាំងនឹងក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារដោយគ្រាប់ រ៉ុក្កែត លើទីលានបាល់ទាត់នៅ Majdal Shams ក្នុងតំបន់ Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ដែលបានសម្លាប់កុមារ និងយុវជនយ៉ាងហោចណាស់ ១២នាក់កាលពីថ្ងៃសៅរ៍ ប៉ុន្ដែក្រុមសកម្មប្រយុទ្ធស៊ីអ៊ីតលីបង់ បានបដិសេធការជាប់ពាក់ព័ន្ធ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា ក្រុមហេសបូឡា នឹងបង់ថ្លៃយ៉ាងធ្ងន់ធ្ងរសម្រាប់ការវាយប្រហារនេះ ដែលវាមិនទាន់បានបង់មកទល់ពេលនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានពណ៌នាការវាយប្រហារនេះថា ជាការវាយប្រហារធ្ងន់ធ្ងរបំផុតលើជនស៊ីវិលចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ ខែតុលា ដោយក្រុមហាម៉ាស់។
លោក Hagari បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ក្រុមហេសបូឡាជាអ្នកនៅពីក្រោយគ្រោះមហន្តរាយនេះហើយនឹងទទួលខុសត្រូវ ចំពោះផលវិបាករបស់វា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហេសបូឡា បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ដោយបញ្ជាក់ថា ខ្លួនមិនមានអ្វីពាក់ព័ន្ធនឹងឧប្បត្តិហេតុនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មន្ត្រីយោធា និងសន្តិសុខអ៊ីស្រាអែល បានបង្ហាញរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant នូវជម្រើសផ្សេងៗ សម្រាប់សកម្មភាពប្រឆាំងនឹងក្រុមហេសបូឡា។ ក្រសួងការពារជាតិ បានបញ្ជាក់ថា លោក Gallant បានកំណត់វគ្គនៃសកម្មភាព ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា