ព័ត៌មានអន្តរជាតិ

លោក វ៉ាង យី៖ តៃវ៉ាន់ នឹង​មិន​ក្លាយ​ជា​ប្រទេស​នោះឡើយ ចិន​នឹងខំ​ប្រឹង​ប្រែង ដើម្បី​សម្រេច​បាន​ការ​បង្រួបបង្រួម​ជាតិ​ឡើងវិញ

Xinhua

វៀងច័ន្ទន៍ ៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានឲ្យដឹងនៅក្នុង ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវថា តៃវ៉ាន់ គឺជាផ្នែកមួយ របស់ប្រទេសចិន ហើយនឹងមិនក្លាយ ជាប្រទេសឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន នឹងប្រឆាំងរាល់ការបង្កហេតុដោយកងកម្លាំង “ឯករាជ្យតៃវ៉ាន់” ហើយកំពុងធ្វើការឆ្ពោះទៅរកគោលដៅ នៃការបង្រួបបង្រួមពេញលេញ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងអ្នកការទូត កំពូលចិន លោក វ៉ាង យី បានជួបជជែកគ្នាជុំវិញ បញ្ហាកោះតៃវ៉ាន់ និង សមុទ្រចិនខាងត្បូង ក្នុងអំឡុងកិច្ចពិភាក្សា របស់ពួកគេនៅ ខាងក្រៅកិច្ចប្រជុំថ្នាក់ តំបន់ក្នុងប្រទេសឡាវ ខណៈដែលយល់ព្រមរក្សាការ ទំនាក់ទំនងក្នុងប៉ុន្មានខែខាងមុខ។

ក្រសួងការបរទេសបានឲ្យដឹងថា លោក Blinken បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយបានលើកឡើងពីការព្រួយបារម្ភអំពី “សកម្មភាពអស្ថិរភាព” របស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងនៅ Thomas Shoal ដែលគ្រប់គ្រងដោយហ្វីលីពីន ដែលត្រូវបានទាមទារដោយប្រទេសចិន។

លោក វ៉ាង យី បានឲ្យដឹងថា កោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំង ចាត់ទុកជារបស់ខ្លួន នឹង “មិនក្លាយជាប្រទេសនោះឡើយ ហើយថា ចិននឹងខិតខំប្រឹងប្រែង ដើម្បីសម្រេចបានការបង្រួបបង្រួមពេញលេញ”។

ក្រសួងបានឲ្យដឹងថា នៅលើច្រាំងថ្មចោទ មានជម្លោះនៅសមុទ្រចិន ខាងត្បូង លោក វ៉ាង យី បានជំរុញឱ្យសហរដ្ឋអាមេរិក “កុំបង្កបញ្ហា” និងធ្វើឱ្យខូចស្ថិរភាពដែនសមុទ្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រភពបន្ដថា លោក Blinken បានលើកឡើងថា សហរដ្ឋអាមេរិក នឹងបន្តចាត់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍ និងតម្លៃនៃសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ហើយបានបញ្ជាក់ ពីការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ចំពោះសេរីភាព នៃការធ្វើនាវាចរណ៍ និងការហោះហើរ ក៏ដូចជាការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ភាពតានតឹងបាននឹងកំពុងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង ដោយសារតែការប៉ះទង្គិចគ្នា រវាងនាវាចិន និងហ្វីលីពីន ប៉ុន្តែកាលពីថ្ងៃសុក្រ លោក វ៉ាង យី និងរដ្ឋមន្ត្រី ការបរទេសហ្វីលីពីន លោក Enrique Manalo បានយល់ព្រមធ្វើការឆ្ពោះ ទៅរកការកាត់បន្ថយ ជម្លោះនៅក្នុងតំបន់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top