ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ចោទអនុប្រធានាធិបតីអាមេរិក Kamala Harris នឹងនាំមកនូវសង្គ្រាមលោកលើកទី៣ បើសិនលោកស្រីឈ្នះឆ្នោត

AFP

បរទេស ៖ អតីតប្រធានាធិបតី និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានអះអាងថា ប្រសិនបើលោកស្រី Kamala Harris ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក នោះ “សង្រ្គាមធំ” នៅមជ្ឈិមបូព៌ា និង “ប្រហែលជាសង្រ្គាមលោកលើកទីបី” នឹងផ្ទុះ ។ លោក ដូណាល់ ត្រាំ បានចោទលោកស្រី Harris និងប្រធានាធិបតី Joe Biden ម្តងហើយម្តងទៀតថា បានអូសសហរដ្ឋអាមេរិកឆ្ពោះទៅរកជម្លោះជាសកល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅមុនកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅថ្ងៃសុក្រ លោក ត្រាំ បានប្តេជ្ញាថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹង “ត្រូវដំណោះស្រាយឆាប់រហ័ស” ប្រសិនបើលោកត្រលប់ទៅសេតវិមានវិញ (ឡើងជាប្រធានាធិបតីអាមេរិកជាថ្មី)។

លោកបានបន្តថា៖ «ប្រសិនបើយើងមិនធ្វើទេ អ្នកនឹងបញ្ចប់ដោយសង្គ្រាមធំៗនៅមជ្ឈិមបូព៌ា “ហើយប្រហែលជាសង្រ្គាមលោកលើកទីបី។ អ្នកខិតទៅជិតសង្រ្គាមលោកលើកទីបីឥឡូវនេះជាងពេលណាទាំងអស់ ចាប់តាំងពីសង្រ្គាមលោកលើកទីពីរ។ យើងមិនដែលកៀកនឹងសង្គ្រាមយ៉ាងនេះពេកទេ ព្រោះយើងមានមនុស្សអសមត្ថភាពគ្រប់គ្រងប្រទេស»។

លោក ដូណាល់ ត្រាំ បានកំណត់ការចោទប្រកាន់ស្រដៀងគ្នានេះទៅលើលោក Biden និង លោកស្រី Harris ចាប់តាំងពីជម្លោះអ៊ុយក្រែនបានចាប់ផ្តើមនៅឆ្នាំ ២០២២។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា ជម្លោះនឹងមិនចាប់ផ្តើមទេ ប្រសិនបើលោកឡើងកាន់អំណាច ហើយបានសន្យាថា នឹងនាំទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ចូលទៅកាន់តុចរចា “ក្នុងរយៈពេល ២៤ ម៉ោង “ប្រសិនបើលោកបានជាប់ឆ្នោតនៅខែវិច្ឆិកាខាងមុខ៕
ប្រែសម្រួលៈ ណៃ តុលា

To Top