ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ចុះហត្ថលេខាលើឯកសារ ដើម្បីពង្រឹង​ កិច្ចសហប្រតិបត្តិការ សន្តិសុខត្រីភាគី

Kyodo

តូក្យូ ៖ ប្រមុខការពារជាតិ នៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សរណៈមួយ ស្តីពីការបង្កើត ទំនាក់ទំនងការពារជាតិត្រីភាគី របស់ពួកគេ ដើម្បីរក្សានិរន្តរភាពការពិគ្រោះយោបល់ គោលនយោបាយ ការចែករំលែកព័ត៌មាន និងសមយុទ្ធរួមគ្នា ចំពេលមានការ គំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងការអះអាងកាន់តែខ្លាំងឡើង របស់ចិននៅក្នុងតំបន់។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងថា “តាមរយៈការចុះហត្ថលេខាលើ អនុស្សរណៈនេះ កិច្ចសហប្រតិបត្តិការត្រីភាគីរបស់យើង កាន់តែរឹងមាំ ហើយនឹងមិនប្រប្រួលនោះឡើយ។

យោងតាមលោក Kihara បានឱ្យដឹងថា កិច្ចព្រមព្រៀង នៅក្នុងអនុស្សរណៈ ស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ដែលបានចូលជាធរ មានរួចហើយ រួមមានការប្តូរវេន ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីជារៀងរាល់ឆ្នាំ និងការចែករំលែកព័ត៌មាន ពេលវេលាជាក់ស្តែងយ៉ាង ជិតស្និទ្ធអំពីមីស៊ីលកូរ៉េខាងជើង ។ 

តាមការឲ្យដឹង កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគី លើកក្រោយនឹងត្រូវកោះប្រជុំនៅប្រទេសកូរ៉េខាងត្បូង នៅឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រទេសទាំងបី បាននិងកំពុងបញ្ចេញ នូវអ្វីដែលពួកគេហៅថាជា “យុគសម័យថ្មី” នៃភាពជាដៃគូត្រីភាគី ចាប់តាំងពីមេដឹកនាំរបស់ពួកគេ បានជួបគ្នានៅឯជំរុំប្រធានាធិបតីសហរដ្ឋអាមេរិកនៅ Camp David នៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីខែសីហា ឆ្នាំមុន ដោយប្រើប្រាស់អត្ថប្រយោជន៍ នៃទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល។

ការវិវឌ្ឍន៍ចុងក្រោយនេះ ក៏បានកើតមានឡើងផងដែរ នៅពេលដែលការផ្សារភ្ជាប់គ្នាកាន់តែជិតស្និទ្ធរវាងរុស្ស៊ី និងចិន ក៏ដូចជាជាមួយកូរ៉េខាងជើង ត្រូវបានគេមើលឃើញថា ចំពេលមានសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា ត្រូវបានគេមើលយ៉ាងដិតដល់ថាតើលោក ដូណាល់ ត្រាំ ដែលជាអ្នករិះគន់សម្ព័ន្ធភាពជាយូរមកហើយ នឹងត្រលប់ទៅសេតវិមានវិញ ឬយ៉ាងណា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top