ព័ត៌មានអន្តរជាតិ

វេណេស៊ុអេឡា បោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មី

Xinhua

ការ៉ាកាស៖ ប្រជាជនវេណេស៊ុយអេឡា បានទៅការិយាល័យបោះឆ្នោត នៅទូទាំងប្រទេស ហើយបានបោះឆ្នោតកាលពីថ្ងៃអាទិត្យ ក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Aime Nogal Mendez សមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) បានឲ្យដឹងថា លោកស្រី បានចុះពិនិត្យនៅតាមការិយាល័យ មជ្ឈមណ្ឌលបោះឆ្នោត” តាំងពីព្រឹកថ្ងៃអាទិត្យ។

គណនីផ្លូវការរបស់ CNE នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានបំភ្លឺថា តាមច្បាប់ អ្នកបោះឆ្នោតត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណរបស់ពួកគេ ដើម្បីបោះឆ្នោត ទោះបីជាវាផុតកំណត់ក៏ដោយ។  ច្បាប់ចែងថា ការិយាល័យបោះឆ្នោតនឹងបើកពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ហើយនឹងនៅតែបើកចំហ ដរាបណាមានមនុស្សរង់ចាំបោះឆ្នោត។

ប៉ុន្មាននាទីបន្ទាប់ពីដំណើរការបោះឆ្នោតបានចាប់ផ្តើម ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ ដែលកំពុងតែស្វែងរកអាណត្តិទី៣ របស់លោក បានបោះឆ្នោតនៅ Fuerte Tiuna រដ្ឋការ៉ាកាស។  លោក​ថា ការ​បោះ​ឆ្នោត​បាន​ចាប់​ផ្តើម​ដោយ​សន្តិវិធី និង​បាន​អំពាវនាវ​ឲ្យ​មាន​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ខ្ពស់។

លោក ម៉ាឌូរ៉ូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “ខ្ញុំប្រាកដថាអ្វីៗនឹងដំណើរការល្អ ហើយថ្ងៃស្អែកនឹងក្លាយជាថ្ងៃដ៏ស្រស់ស្អាត” ។

លោកបានលើកឡើងថា “ការគោរពដំណើរការបោះឆ្នោត គឺជាការគោរពរដ្ឋធម្មនុញ្ញ” ដោយលើកឡើងពីតម្រូវការ សម្រាប់កម្លាំងនយោបាយ ដែលចូលរួមទាំងអស់ គោរពសិទ្ធិអំណាចបោះឆ្នោត និងទទួលស្គាល់លទ្ធផលផ្លូវការរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។

លោក ម៉ាឌូរ៉ូ កំពុងឈរឈ្មោះប្រកួតប្រជែងនឹងបេក្ខជនប្រធានាធិបតីទាំង ៩រូបផ្សេងទៀង។  ក្នុងចំណោមបេក្ខជនទាំងអស់ លោក Edmundo Gonzalez ដែលជាអ្នកការទូតចូលនិវត្តន៍ ត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមដ៏សំខាន់ចំពោះលោក ម៉ាឌូរ៉ូ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top