យេរ៉ូសាឡឹម៖ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃអាទិត្យ លើវិធានការសងសឹកប្រឆាំងនឹងក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់យុវជនចំនួន ១២ នាក់នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល ទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យរារាំងការកើនឡើងនូវភាពតានតឹងក្នុងតំបន់បន្ថែមទៀតក៏ដោយ។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនេះ គណៈរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant “សម្រេចចិត្តលើរបៀបនៃការឆ្លើយតបប្រឆាំងនឹងក្រុមហេសបូឡា និងតាមពេលវេលារបស់វា ប៉ុន្ដែសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីរបៀបដែលអ៊ីស្រាអែលនឹងឆ្លើយតបចំពោះការវាយប្រហារនោះទេ។
ការិយាល័យរបស់លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅព្រឹកថ្ងៃដដែល លោក ណេតាន់យ៉ាហ៊ូ បានធ្វើការវាយតម្លៃសន្តិសុខជាមួយមន្ត្រីសន្តិសុខកំពូលនៅឯមូលដ្ឋានយោធា Kirya ក្នុងទីក្រុង Tel Aviv ។ លោកបានពិនិត្យមើលជម្រើសសក្តានុពល សម្រាប់ការសងសឹកប្រឆាំងនឹងក្រុមហេសបូឡា ដែលជាក្រុមប្រដាប់អាវុធលីបង់ ដែលអ៊ីស្រាអែលអះអាងថា ទទួលខុសត្រូវ ចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតថ្មីៗនេះ។
ក្រុមហេសបូឡា ដែលបានចូលរួមក្នុងការប្រយុទ្ធគ្នាជាបន្តបន្ទាប់ជាមួយកងកម្លាំងអ៊ីស្រាអែល នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ។
គ្រាប់រ៉ុក្កែតបានវាយប្រហារទីលានបាល់ទាត់នៅ Majdal Shams ទីក្រុង Druze ក្នុងតំបន់ Golan Heights កាន់កាប់ដោយអ៊ីស្រាអែល អំឡុងពេលហ្វឹកហាត់បាល់ទាត់។
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានព្រមានថា ការឆ្លើយតបរបស់ប្រទេសនេះអាចនាំឱ្យមានរយៈឯឭជាច្រើនថ្ងៃនៃជម្លោះខ្លាំងជាមួយក្រុមហេសបូឡា នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍ Kan TV ដែលជាកម្មសិទ្ធិរបស់អ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា