បរទេស ៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារ តាមអាកាសប្រឆាំងនឹងគោលដៅ ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីមន្រ្តីអ៊ីស្រាអែល បានប្តេជ្ញាសងសឹក បន្ទាប់ពីមនុស្ស ១២នាក់ត្រូវបានសម្លាប់នៅពេលដែលរ៉ុក្កែតមួយគ្រាប់ បានវាយប្រហារលើទីលានបាល់ទាត់នៅក្នុងតំបន់ Golan Heights ដែលខ្លួនកាន់កាប់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារនេះ ត្រូវបានរាយការណ៍ដោយសារព័ត៌មាន ជាច្រើននៅព្រឹកព្រលឹមថ្ងៃអាទិត្យ ។ យោងតាមសារព័ត៌មាន Al Jazeera, ការផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងឆ្នេរសមុទ្រ Tire និងភូមិជាច្រើននៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់។
ក្រោយមក កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្លាំងទ័ពអាកាសរបស់ខ្លួន “វាយប្រហារជាបន្តបន្ទាប់នៃក្រុមភេរវករ Hezbollah” នៅពេលយប់នៅក្នុងទឹកដីលីបង់ និងនៅភាគខាងត្បូងលីបង់ រួមទាំងឃ្លាំងអាវុធ និងហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងតំបន់ Chabriha, Borj El Chmali និង Beqaa, Kfarkela, Rab El Thalathine, Khiam និង Tayr Harfa ។
ភាពតានតឹងបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ នៅពេលដែលគ្រាប់រ៉ុក្កែតមួយគ្រាប់ បានវាយប្រហារភូមិ Druze ទីក្រុង Majdal Shams ។ រដ្ឋាភិបាលអ៊ីស្រាអែលបានស្តីបន្ទោសក្រុមហេសបូឡាសម្រាប់ការវាយប្រហារនេះ ដែលជនរងគ្រោះភាគច្រើនជាកុមារ។ ក្រុមដែលមានមូលដ្ឋាននៅលីបង់បានច្រានចោលការចោទប្រកាន់នេះ។
អ្នកនយោបាយអ៊ីស្រាអែលបានធ្វើសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ ដោយថ្កោលទោសក្រុមហេសបូឡាហ៍ ដែលកងកម្លាំងរបស់ពួកគេបានបាញ់រ៉ុក្កែត និងគ្រាប់កាំភ្លើងត្បាល់ទៅលើគោលដៅយោធា និងជនស៊ីវិលរបស់អ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា “គ្មានការងឿងឆ្ងល់ទេ ដែលក្រុមហេសបូឡាហ៍បានឆ្លងផុតបន្ទាត់ក្រហមទាំងអស់” ដោយព្រមានថាប្រទេសនេះកំពុងស្ថិតនៅលើគែមនៃ “សង្រ្គាមទាំងស្រុង” ជាមួយក្រុមហេសបូឡានៅលីបង់៕
ប្រែសម្រួលៈ ណៃ តុលា