គ៊ែរ៖ បណ្ដាប្រទេសមជ្ឈិមបូព៌ាជាច្រើនបានចេញការព្រមានអំពីការកើនឡើងដ៏គ្រោះថ្នាក់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធ ដែលមានមូលដ្ឋាននៅលីបង់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើទីក្រុង Majdal Shams នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់។
ក្រសួងការបរទេសអេហ្ស៊ីបបានព្រមានប្រឆាំងនឹងការបើកមុខសង្រ្គាមថ្មីនៅក្នុងប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារទីក្រុងMajdal Shams ដោយសង្កត់ធ្ងន់លើហានិភ័យនៃជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ នកងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រប្រទេសលីបង់ ប្រជាជន និងស្ថាប័នរបស់ខ្លួន ដើម្បីទប់ស្កាត់ជម្លោះបន្ថែមទៀត។
លោក Sufyan Qudah អ្នកនាំពាក្យក្រសួងការបរទេសហ្ស៊កដានី បានឲ្យដឹងថា ការឈ្លានពានរបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា អាចនាំឱ្យមានភាពតានតឹង និងការកើនឡើង ដែលបង្កការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ លោកបានអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិបញ្ឈប់ការឈ្លានពានជាបន្ទាន់ កាត់បន្ថយការឈឺចាប់មនុស្សធម៌ ការពារប៉ាឡេស្ទីន និងការពារសន្តិសុខក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានព្រមានអ៊ីស្រាអែលប្រឆាំងនឹង “ដំណើរផ្សងព្រេង” ថ្មីណាមួយប្រឆាំងនឹងប្រទេសលីបង់ លើលេសនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែតនាពេលថ្មីៗនេះ។
លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានព្យាយាមបង្វែរមតិសាធារណៈ និងការយកចិត្តទុកដាក់ជាសកលពី “ឧក្រិដ្ឋកម្មរីករាលដាល” របស់ខ្លួនប្រឆាំងនឹងប៉ាឡេស្ទីន ដោយងាកទៅរក “សេណារីយ៉ូប្រឌិតថ្មីមួយទៀត”។
អ៊ីស្រាអែល បានចាត់ទុកការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅទីក្រុង Majdal Shams ជាក្រុមហេសបូឡា ហើយបានប្តេជ្ញាសងសឹកក្រុមយោធាលីបង់ បើទោះជា ក្រុមហេសបូឡាបានបដិសេធថាមិនជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ៕
ប្រែសម្រួល ឈូក បូរ៉ា