តូក្យូ៖ អវត្ដមានរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នៅក្នុងវេទិកាតំបន់អាស៊ាន នៅប្រទេសឡាវ បានរារាំងដល់បំណងប្រាថ្នារបស់ជប៉ុន ក្នុងការត្រួសត្រាយផ្លូវ សម្រាប់ការដោះស្រាយបញ្ហាយូរអង្វែង នៃជនជាតិរបស់ខ្លួនដែលត្រូវបាន ចាប់ពង្រត់ដោយទីក្រុងព្យុងយ៉ាង ប៉ុន្តែទីក្រុងតូក្យូ អាចស្វែងរកវិធីដោះស្រាយបញ្ហា ដោយការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយអាស៊ីអាគ្នេយ៍។
ខណៈពេលដែលប្រទេសជប៉ុន បានប្រើប្រាស់កិច្ចប្រជុំទាក់ទងនឹង អាស៊ានជាញឹកញាប់ ព្រឹត្តិការណ៍ពហុភាគីមួយក្នុងចំណោម ព្រឹត្តិការណ៍ពហុភាគីមួយចំនួន ដែលបានចូលរួមដោយកូរ៉េខាងជើង ជាឱកាសមួយក្នុងការទំនាក់ទំនង ជាមួយអ្នកការទូតកំពូល របស់ខ្លួននាពេលកន្លងមក ទីក្រុងព្យុងយ៉ាង បានបដិសេធមិនបញ្ជូន រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនឡើយ ដោយបានបញ្ជូនចុងក្រោយមួយ នៅក្នុងឆ្នាំ២០១៨។
ចាប់តាំងពីឆ្នាំ២០១៩ មក ការចរចាក៏បានជាប់គាំងរវាងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខជិតស្និទ្ធរបស់ជប៉ុន និងកូរ៉េខាងជើងជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម ដោយទីក្រុងព្យុងយ៉ាង បានបដិសេធការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន ដែលថាខ្លួនលុបចោលនូវកន្លែង និងកម្មវិធីនុយក្លេអ៊ែរទាំងអស់របស់ខ្លួន។
ដើម្បីទម្លាយភាពជាប់គាំងនេះ អ្នកជំនាញកិច្ចការបរទេសបានជំរុញឱ្យប្រទេសជប៉ុន ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលភាគច្រើនត្រូវបានគេដឹងថា មានទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង។
មិនថាលោក ហ្វូមីអូ គីស៊ីដា នៅតែជានាយករដ្ឋមន្ត្រី បន្ទាប់ពីការប្រជែងតំណែង ប្រធានគណបក្សសេរីប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចក្នុងខែកញ្ញានោះទេ ការប៉ុនប៉ងរបស់ជប៉ុន ដើម្បីបង្កើនទំនាក់ទំនងជាមួយអាស៊ាន ត្រូវបានគេរំពឹងថា នឹងសម្រួលដល់ការបង្កើតបណ្តាញ ទំនាក់ទំនងជាមួយកូរ៉េខាងជើង ៕
ប្រែសម្រួល ឈូក បូរ៉ា