តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្តេជ្ញាពង្រឹងបន្ថែមទៀតនូវសមត្ថភាពទប់ស្កាត់ និងការឆ្លើយតបនៃសម្ព័ន្ធមិត្តសន្តិសុខរបស់ប្រទេសជប៉ុន ជាមួយសហរដ្ឋអាមេរិកនៅក្នុងកិច្ចពិភាក្សារបស់លោក ជាមួយប្រមុខការពារជាតិអាមេរិក និងប្រមុខការបរទេសនៅទីក្រុងតូក្យូ។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin លោក គីស៊ីដា បានឲ្យដឹងថា លោកសង្ឃឹមថា នឹងមានការពិភាក្សា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅកម្រិត និងក្របខ័ណ្ឌផ្សេងៗ រួមទាំងនៅថ្នាក់មេដឹកនាំ និងថ្នាក់រដ្ឋមន្ត្រី ដើម្បីពង្រឹងការទប់ស្កាត់បន្ថែមទៀត។
លោក Austin បានប្រាប់លោក គីស៊ីដា ឲ្យដឹងថាកិច្ចប្រជុំ “ពីរបូកពីរ” នៅថ្ងៃអាទិត្យ រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ជប៉ុន និងសហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុន គឺ “មានផលិតភាពណាស់ ខ្ញុំគិតថាតាមវិធីមួយចំនួន ដែលអ្នកអាចពណ៌នាវាជាប្រវត្តិសាស្ត្រ”។
លោក Austin បានឲ្យដឹងនៅដើមដំបូង ដែលបើកចំហចំពោះប្រព័ន្ធផ្សព្វផ្សាយថា “យើងនៅតែប្តេជ្ញាចិត្តយ៉ាងដាច់ខាត ចំពោះការការពាររបស់ប្រទេសជប៉ុន ដូច្នេះខ្ញុំទន្ទឹងរង់ចាំបន្តធ្វើការជាមួយសមភាគីរបស់ខ្ញុំ ក្នុងការពង្រឹងទំនាក់ទំនងរបស់យើង”។
លោក Blinken បានបន្ថែមថា “ខ្ញុំគិតថាវាមានសុវត្ថិភាពណាស់ក្នុងការរាយការណ៍ថា សម្ព័ន្ធភាពរបស់យើង គឺខ្លាំងជាងអ្វីដែលវាធ្លាប់មានពីមុនមក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នៅក្នុងកិច្ចចរចា “ពីរបូកពីរ” ដែលក្នុងនោះរដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និងរដ្ឋមន្ត្រីការពារជាតិ Minoru Kihara មកពីប្រទេសជប៉ុន បានចូលរួម រដ្ឋមន្ត្រីបានយល់ព្រមពង្រឹងអ្វីដែលគេហៅថាការទប់ស្កាត់បន្ថែម ដែលរួមមានការការពារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលផ្តល់ដល់ប្រទេសជប៉ុន ចំពេលមានការអះអាងរបស់ប្រទេសចិននៅក្នុងតំបន់ និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕
ប្រែសម្រួល ឈូក បូរ៉ា