ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងស៊ីរី ប្តេជ្ញាជំរុញទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត

afp

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងនាយករដ្ឋមន្ត្រីស៊ីរី លោក Hussein Arnous បានសន្យាថា នឹងពង្រឹងទំនាក់ទំនងទ្វេភាគី លើវិស័យផ្សេងៗ ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេ នៅរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។

លោក Pezeshkian បានឲ្យដឹងថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងស៊ីរី តែងតែជាមិត្តភាព និងជាបងប្អូន ដោយកត់សម្គាល់ថា ប្រទេសទាំងពីរនៅតែជាមិត្តរបស់គ្នាទៅវិញទៅមក ក្នុងអំឡុងពេលដ៏លំបាក នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតី។

លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គម ដើម្បីផ្គូផ្គងទំនាក់ទំនងនយោបាយដ៏រឹងមាំរបស់ពួកគេ ដោយបន្ថែមថា រដ្ឋបាលរបស់លោកប្តេជ្ញាពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ដែលមានស្រាប់ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។

លោក Arnous ដែលចូលរួមក្នុងពិធីសម្ពោធនាពេលខាងមុខរបស់លោក Pezeshkian បានបង្ហាញពីការដឹងគុណរបស់ស៊ីរី ចំពោះប្រទេស “ជាមិត្ត” ជាពិសេសអ៊ីរ៉ង់ សម្រាប់ការគាំទ្ររបស់ពួកគេក្នុងការពង្រឹងសន្តិសុខស៊ីរី។

លោកបានគូសបញ្ជាក់ពីការបោះជំហានដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងទីក្រុងដាម៉ាស់-តេអេរ៉ង់ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ខណៈពេលដែលអំពាវនាវឱ្យមានការសហការយ៉ាងស៊ីជម្រៅ ដើម្បីដោះសោសក្តានុពលដែលមិនអាចកាត់ថ្លៃបាននៅក្នុងទំនាក់ទំនងទ្វេភាគី។

លោក Pezeshkian បានលេចមុខជាអ្នកឈ្នះនៅថ្ងៃទី០៦ ខែកក្កដា ក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស ហើយត្រូវបានអនុម័តជាផ្លូវការដោយមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ជាប្រធានាធិបតីទី៩ របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top