ប៉ុន្មានឆ្នាំមុន ឪពុករបស់នាងឈ្មោះ Cuomu ដែលជានិស្សិតជនជាតិ Zang បានបើកកសិដ្ឋានលក្ខណៈគ្រួសារដែលជាគំរូខាងបច្ចេកវិទ្យានៅក្នុងភូមិ Xueka ទីក្រុង Linzhi ភូមិភាគស្វយ័ត Xizang ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដ៏ល្បីឈ្មោះនៅទីក្រុងប៉េកាំងកាលពីឆ្នាំ ២០១៨ហើយ នាង Cuomu បានត្រឡប់ទៅកសិដ្ឋានរបស់ឪពុកនាងវិញដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ បច្ចុប្បន្ននេះ នាងកំពុងប្រកបអាជីវកម្មខាងការគ្រប់គ្រងនិងលក់ដូរតាមប្រព័ន្ធធុរកិច្ចអេឡិចត្រូនិកនៅទីនេះ ដែលមិនត្រឹមតែបានបំពេញបន្ថែមនូវកម្លាំងរស់រវើកថ្មីសម្រាប់កសិដ្ឋានប៉ុណ្ណោះទេ ថែមទាំងក៏បានជួយឪពុកនាងឱ្យដឹកនាំប្រជាជនក្នុងតំបន់ក្នុងការសម្រេចបាននូវការបម្រះខ្លួនចេញផុតពីភាពក្រីក្រនិងមានជីវភាពរស់នៅកាន់តែធូរធារ។
បទពិសោធជីវិតរបស់នាង Cuomu គឺជាការឆ្លុះបញ្ចាំងដ៏រស់រវើកនៃការប្រែប្រួលនៃជីវភាពរស់នៅរបស់យុវជន Xizang ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តើអ្វីបានទាក់ទាញពួកគេឱ្យនាំគ្នាបង្កើតអាជីពនៅតំបន់ Xizang ?
មុនដំបូង មូលហេតុផ្ទាល់គឺដោយមកពីការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់សម្រេចបាននូវការវិវឌ្ឍរីកចម្រើនបែបលោតផ្លោះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការគាំទ្ររបស់រដ្ឋាភិបាលមជ្ឈិមចិន តំបន់ Xizang បានអភិវឌ្ឍជាបន្តបន្ទាប់នូវប្រព័ន្ធឧស្សាហកម្មទេសចរណ៍វប្បធម៌ប្រកបដោយលក្ខណៈពិសេសដែលងើបឡើងថ្មី សួនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកសិកម្មដែលទទួលបានផលកម្រៃខ្ពស់និងមូលដ្ឋានផលិតកម្មឧស្សាហកម្មដែលមានតម្លៃផលិតកម្មខ្ពស់ជាដើម។ កាលពីចុងឆ្នាំ ២០១៩ តំបន់ Xizang បានលុបបំបាត់ភាពក្រីក្រទាំងស្រុងជាប្រវត្តិសាស្ត្រ ហើយបានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយជាមួយទូទាំងប្រទេសចិនកាលពីឆ្នាំ ២០២១។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ GDP របស់ភូមិភាគស្វយ័ត Xizang គឺ ១១៨,៩៤៥លានយាន់ប្រាក់ចិនដែលកើនឡើង ៦,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ល្បឿនកំណើនបានជាប់ចំណាត់ថ្នាក់លេខ២ នៅទូទាំងប្រទេស ។ល។ ទិន្នន័យមួយចំនួនទាំងនេះបានធ្វើជាសាក្សីនៃការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃនិងបម្រែបម្រួលជាប្រវត្តិសាស្ត្រដែលគួរឱ្យកត់សម្គាល់របស់តំបន់ Xizang ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញឱ្យយុវជនកាន់តែច្រើនឡើងៗបង្កើតអាជីពនៅទីនេះ។
ព្រមពេលជាមួយគ្នានេះ ការគាំទ្រខាងគោលនយោបាយរបស់រដ្ឋបាល Xizang ក៏មានភាពខ្លាំងក្លាផងដែរ ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា រដ្ឋបាលក្នុងតំបន់បានបង្កើតមូលនិធិគាំទ្រការបង្កើតអាជីពនិងឱកាសការងារ ហើយបានលើកទឹកចិត្តឱ្យតំបន់នានារៀបចំការប្រកួតខាងការច្នៃប្រឌិតថ្មីនិងបង្កើតអាជីពរបស់យុវជននិងបង្កើតមជ្ឈមណ្ឌលសេវាកម្មនវានុវត្តន៍និងបង្កើតអាជីពជាដើម។ ដើម្បីគាំទ្រថែមមួយកម្រិតទៀតដល់ការច្នៃប្រឌិតថ្មីនិងបង្កើតអាជីពរបស់យុវជន Xizang រដ្ឋបាលក្នុងតំបន់ក៏បានដាក់ចេញនូវ«ផែនការអភិវឌ្ឍន៍សម្រាប់យុវជនរយៈពេលមធ្យមនិងវែងនៃភូមិភាគស្វយ័ត Xizang (២០១៨-២០២៥)» ។ គោលនយោបាយទាំងនេះបានបង្កើនទីបង្អែកនិងជំនឿចិត្តរបស់យុវវ័យ Xizang ក្នុងការបង្កើតអាជីព ។
លើសពីនេះទៅទៀត ការអភិរក្សវប្បធម៌របស់តំបន់ Xizang ក៏បានធ្វើឱ្យយុវជនបង្កើតអាជីពជាច្រើនរកបានទីពំនាក់ខាងស្មារតីចិត្តញាណផងដែរ។ យុវជនជនជាតិ Zang ឈ្មោះ Yundan ជាអ្នកបង្កើតអាជីពម្នាក់មកពីតំបន់ Gannan ខេត្ត Gansu គាត់មានអ្នកគាំទ្រចំនួន ៤៦០,០០០ នាក់នៅលើវេទិកាប្រព័ន្ធសារព័ត៌មានជាលក្ខណៈបុគ្គល។ គាត់បាននិយាយថា ទេសភាពដ៏ស្រស់ស្អាតនិងវប្បធម៌ពិសេសរបស់តំបន់ Xizang បានធ្វើឱ្យខ្លួនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងអំឡុងពេល ១៣ ឆ្នាំដែលគាត់បានរស់នៅទីក្រុង Lhasa វីដេអូខ្នាតខ្លីអំពីទេសភាពដ៏ស្រស់ស្អាត វប្បធម៌មនុស្សជាតិ តន្ត្រីនិងវប្បធម៌ដែលបង្ហាញដោយ យុវជន Yudan ទទួលបានការពេញនិយមពីសំណាក់អ្នកលេងអ៊ីនធឺណែត។ ឆ្លងតាមរយៈវិធីបែបនេះបានធ្វើឱ្យពិភពលោកអាចមើលឃើញតំបន់ Xizang ដ៏ពិតប្រាកដ។
នៅប្រទេសចិនមានសុភាសិតមួយឃ្លាដែលថា "ឮមួយរយដងមិនស្មើនឹងជួបម្តង" ។ រឿងរ៉ាវរបស់យុវជន Xizang បានបង្ហាញឱ្យឃើញថា ជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជនទើបជាសិទ្ធិមនុស្សដ៏អស្ចារ្យបំផុត ហើយតំបន់ Xizang គឺជាគោលដៅពេញនិយមសម្រាប់ការច្នៃប្រឌិតថ្មីនិងបង្កើតអាជីព។ ស្របពេលដែលប្រទេសចិនធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ កម្លាំងផលិតកម្មគុណភាពថ្មីនឹងបញ្ចេញកម្លាំងចលករកាន់តែផុលផុស ហើយវាក៏បានបំពេញបន្ថែមនូវកម្លាំងរស់រវើកថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់ Xizang ផងដែរ៕