ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីស្លូវ៉ាគី គំរាមផ្អាកការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់អ៊ុយក្រែន

បរទេស៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងរបស់ស្លូវ៉ាគី Slovnaft នឹងផ្អាកការផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅកាន់អ៊ុយក្រែន ប្រសិនបើការដឹកជញ្ជូនប្រេងពីរុស្ស៊ី តាមរយៈអ៊ុយក្រែន ទៅកាន់ប្រទេសស្លូវ៉ាគី មិនត្រូវបានបន្តឡើងវិញក្នុងពេលឆាប់ៗនេះទេ ថ្មីៗនេះអ៊ុយក្រែន បានបញ្ឈប់ការដឹកជញ្ជូនប្រេងពីក្រុមហ៊ុនរុស្ស៊ី Lukoil តាមរយៈបំពង់បង្ហូរប្រេង Druzhba ទៅកាន់ប្រទេសស្លូវ៉ាគី និងហុងគ្រី ដោយបានដាក់ក្រុមហ៊ុន នៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ខ្លួនកាលពីខែមិថុនា។
 
ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសស្លូវ៉ាគី បានឲ្យដឹងកាលពីដើមខែនេះថាការដឹកជញ្ជូនប្រេងពីក្រុមហ៊ុន Lukoil ទៅកាន់ប្រទេសស្លូវ៉ាគី តាមរយៈអ៊ុយក្រែន បានរីងស្ងួតអស់ហើយ។

នៅក្នុងសារវីដេអូដែលបានផ្សព្វផ្សាយនៅលើ Facebook លោក Fico បានឲ្យដឹងថា “ការអនុវត្តបន្ថែមទៀតនៃទណ្ឌកម្ម ដែលគ្មានន័យនេះ” នឹងធ្វើឱ្យប៉ះពាល់ដល់អ៊ុយក្រែន ស្លូវ៉ាគី និងហុងគ្រីតែប៉ុណ្ណោះ។

លោកបានលើកឡើងថា “ប្រសិនបើការដឹកជញ្ជូនប្រេងរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន មិនត្រូវបានបន្តក្នុងរយៈពេលខ្លីទេក្រុមហ៊ុន Slovnaft ដែលគ្របដណ្តប់មួយភាគដប់នៃការប្រើប្រាស់អ៊ុយក្រែន នឹងឈប់ផ្គត់ផ្គង់ប្រេងម៉ាស៊ូត ទៅកាន់អ៊ុយក្រែន” ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រលោក Fico បានស្នើដំណោះស្រាយបច្ចេកទេសដល់សមភាគីអ៊ុយក្រែនរបស់លោក គឺលោក Denys Shmyhal ដើម្បីដោះស្រាយជម្លោះ ដែលការិយាល័យរបស់លោកបានឲ្យដឹងថា នឹងទាមទារឱ្យមានការចូលរួមពីប្រទេសជាច្រើនរួមទាំងស្លូវ៉ាគីផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top