ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ និងបារាំង ជួបពិភាក្សាអំពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការដកទណ្ឌកម្ម

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian និងសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក និងការដកទណ្ឌកម្មផងដែរ។

នៅក្នុងការហៅទូរស័ព្ទដែលមានរយៈពេលមួយម៉ោង លោក Pezeshkian បានបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយប្រទេសបារាំង ដោយផ្អែកលើភាពស្មោះត្រង់ និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមក។

លោក Pezeshkian បានសម្តែងការត្រៀមខ្លួនរបស់អ៊ីរ៉ង់ សម្រាប់ការបន្តកិច្ចចរចានុយក្លេអ៊ែរ ក្នុងក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា ដើម្បីដកទណ្ឌកម្មលើទីក្រុងតេអេរ៉ង់ ដោយថាការបំពេញការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ នងការបញ្ឈប់សម្ពាធ និងទណ្ឌកម្មដ៏ឃោរឃៅប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ គឺជាចំនួនតិចបំផុត ដែលអ៊ីរ៉ង់ រំពឹងពី  កិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងមូលដ្ឋានអំណោយផលសម្រាប់ជំរុញការចរចា។

លោកបានលើកឡើងថា អ៊ីរ៉ង់ បានបំពេញការប្តេជ្ញាចិត្តទាំងអស់របស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដូចដែលបានផ្តល់សក្ខីកម្មដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនៅក្នុងរបាយការណ៍ជាង ១៥ ដោយកត់សម្គាល់ថា ទោះជាយ៉ាងណាក៏ដោយ ជនជាតិអាមេរិក មិនបានគោរពដូចអ៊ីរ៉ង់នោះទេ ដោយដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងក្នុង ឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មដ៏ឃោរឃៅបន្ថែមលើប្រជាជនអ៊ីរ៉ង់។

ប្រធានាធិបតីអ៊ីរ៉ង់ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃភាពតានតឹងនៅព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ជាមួយអ៊ីស្រាអែល ដោយព្រមានថាការវាយប្រហារលើលីបង់នឹងក្លាយជា “កំហុសដ៏ធំមួយ” ដែលនឹងនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ៊ីស្រាអែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top