តេហរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍មកថា កាលពីថ្ងៃអង្គារ លោក Masoud Pezeshkian បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៩ របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងពិធីមួយដែលបានធ្វើឡើង នៅសភារបស់ទីក្រុងតេហរ៉ង់ ។
គួរបញ្ជាក់ថា នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់ មេបញ្ជាការយោធា និងតំណាងមកពីប្រទេស ចំនួន៨៨ និងអង្គការអន្តរជាតិ ចំនួន១០ផងដែរ ។
ក្រោយពីការស្បថចូលកាន់មុខ តំណែងនៅចំពោះមុខសភា លោក Pezeshkian បានគូសបញ្ជាក់អំពីគោលដៅ របស់រដ្ឋបាលរបស់លោក ដោយផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ផលប្រយោជន៍ជាតិ និងការកែលម្អជីវិត របស់ពលរដ្ឋទៀតផង ។
លោកបានលើកឡើង ពីគោលបំណងគោល នយោបាយការបរទេសសំខាន់ៗ ដែលមានគោលបំណងការពារសន្តិសុខជាតិ និងលើកកម្ពស់វិបុលភាពសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌនៃ “សេចក្តីថ្លៃថ្នូរ ប្រាជ្ញា និង ភាពដែលអាចបត់បែនបាន” ។
លោក Pezeshkian ក៏បានថ្កោលទោស សកម្មភាពរបស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ហ្គាហ្សា ដោយបានរិះគន់ការទម្លាក់ គ្រាប់បែកដែលប៉ះពាល់ដល់ជនស៊ីវិល រួមទាំងស្ត្រី និងកុមារ និងអ្នកដែលគាំទ្រសកម្មភាពបែបនេះផងដែរ ។
លោក Pezeshkian វ័យ៦៩ ឆ្នាំបានបង្ហាញ ខ្លួនជាអ្នកឈ្នះកាលពីថ្ងៃទី៦ ខែកក្កដា នៅក្នុងការបោះឆ្នោតប្រធានាធិបតី របស់ប្រទេសហើយត្រូវបានអនុម័តជាផ្លូវការ ដោយមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ជាប្រធានាធិបតីទី៩ របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ៕