រ៉ងហ្គូន៖ យោងតាមការផ្សព្វផ្សាយរបស់វិទ្យុ និងទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា ហៅកាត់ថា (MRTV)បានឲ្យដឹងថា ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ មីយ៉ាន់ម៉ា ហៅកាត់ (NDSC) នៅថ្ងៃពុធនេះ បានបន្តដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេល៦ខែបន្ថែមទៀត ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ NDSC ដែលធ្វើឡើងនៅទីក្រុងណៃពិដោរ នៅថ្ងៃពុធនេះ សមាជិករបស់ NDSC ទាំងអស់បានឯកភាព បន្តរយៈពេលសង្គ្រោះបន្ទាន់ ហើយបានឲ្យដឹងទៀតថា ការពន្យារនេះត្រូវបានធ្វើឡើង ស្របតាមមាត្រា៤២៥ នៃរដ្ឋធម្មនុញ្ញរបស់រដ្ឋ ។
សេចក្តីរាយការណ៍ដដែលនេះបន្តឲ្យដឹងថា កិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហានានាទាក់ទងនឹងការរៀបចំការបោះឆ្នោត ការងារអភិវឌ្ឍន៍បច្ចុប្បន្ន ការរៀបចំជំរឿន ប្រជាជនជាតិ និងលំនៅដ្ឋាន និងវិស័យអប់រំ វិស័យសុខាភិបាល និងកសិកម្មទៀតផង។
គេបានដឹងថា ប្រទេសមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នក្នុងខែកុម្ភៈ ឆ្នាំ២០២១សម្រាប់រយៈពេល១ឆ្នាំ នៅមុនពេលពន្យារពេល៦ ខែរហូតដល់ថ្ងៃទី៣១ ខែកក្កដានៅក្នុងឆ្នាំនេះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា