ព័ត៌មានអន្តរជាតិ

ចិន ជំទាស់នឹងការកត់សម្គាល់អវិជ្ជមាន របស់ជប៉ុន ដែលបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំ Quad

Kyodo

ប៉េកាំង៖ ក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានជំទាស់នឹងការកត់សម្គាល់ “អវិជ្ជមាន” របស់ប្រទេសជប៉ុន ដែលបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាពេលថ្មីៗនេះជាមួយសហរដ្ឋអាមេរិក និងជាមួយសមាជិកដទៃទៀតនៃ Quad រួមទាំងអូស្ត្រាលី និងឥណ្ឌាផងដែរ។

លោក Liu Jinsong អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីរបស់ក្រសួងបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង និងការមិនពេញចិត្តយ៉ាងខ្លាំង” ជុំវិញកិច្ចប្រជុំជប៉ុន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំ Quad នៅទីក្រុងតូក្យូ ក្នុងកិច្ចពិភាក្សារបស់លោកកាលពីថ្ងៃអង្គារជាមួយលោក Akira Yokochi រដ្ឋមន្រ្តីនៅស្ថានទូតជប៉ុន នៅទីក្រុងប៉េកាំង។

រដ្ឋមន្ត្រីការបរទេស និងការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថា នឹងរិះរកមធ្យោបាយ ដើម្បីពង្រឹងអ្វីដែលគេហៅថាការរារាំងបន្ថែម ដែលរួមមានការការពារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលផ្តល់ដល់ប្រទេសជប៉ុន។

កាលពីថ្ងៃច័ន្ទ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ៤ផ្លូវបានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ប្រទេស Quad អំពីស្ថានភាពនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ដែលប្រទេសចិនបានអះអាងកាន់តែខ្លាំងឡើង។

លោកបានចង្អុលបង្ហាញថា “ការវាយប្រហារដោយលាបពណ៌” របស់ជប៉ុន លើប្រទេសចិនផ្ទុយនឹងគោលនយោបាយរបស់ខ្លួនក្នុងការលើកកម្ពស់ទំនាក់ទំនងចិន-ជប៉ុន ជាយុទ្ធសាស្រ្ត និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយបានជំរុញឱ្យប្រទេសនេះ បញ្ឈប់ការឃុបឃិតជាមួយប្រទេសមួយចំនួន ដើម្បីបង្កើតការប្រឈមមុខដាក់គ្នា” ។

ស្ថានទូតជប៉ុនបានឲ្យដឹងថា លោក Yokochi បានពន្យល់ពីគោលជំហររបស់ទីក្រុងតូក្យូ ចំពោះលោក Liu និងបានផ្លាស់ប្តូរទស្សនៈជាមួយលោកអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហានៃក្តីកង្វល់រួម ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top